ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងអំណរគុណ វិនិយោគិនអាម៉េរិក បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនអាម៉េរិកទាំងអស់ បានសម្រេចចិត្ត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច។

ការថ្លែងអំណរគុណ របស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូត សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥។

កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូន តាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា របស់វិនិយោគិនអាម៉េរិក សំដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពីរលើកកន្លងមក។ កិច្ចសន្ទនានេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការ ថែទាំគាំទ្រវិនិយោគ ដែលកំពុងមានប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ដើម្បីជាការពង្រឹងជំនឿចិត្ត របស់វិស័យឯកជន ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះវត្តមានរបស់ លោកស្រីភារធារីស្ថានទូត សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា, តំណាងក្រសួងស្ថាប័ន , តំណាងវិស័យឯកជនអាម៉េរិក ដែលបានចូលរួមយ៉ាងកុះករ នាឱកាសនេះ និងបានថ្លែងអំណរគុណជូន ចំពោះវិនិយោគិន អាម៉េរិកទាំងអស់ ដែលបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ពិសេស សហរដ្ឋអាម៉េរិក គឺជាគោលដៅនាំចេញធំមួយរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះសម្តែង នូវការគោរពអរគុណជូនចំពោះ លោកប្រធានាធិបតី Donald J. Trump បានយកចិត្តទុកដាក់ ក្នុងការជំរុញឱ្យមានបទឈប់បាញ់ និងការស្ដារសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ កាយវិការដ៏ឧត្តុង្គឧត្តមនេះ នឹងត្រូវបានកត់ត្រាទុកជាគំរូនៃភាពជាអ្នកដឹកនាំដែលយកសន្តិភាពជាធំ និងជាមូលដ្ឋានគ្រឹះ សម្រាប់ការបន្តពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក។

តាមរយៈវេទិកានៃកិច្ចសន្ទនា នាពេលនេះ តំណាងវិនិយោគិនអាម៉េរិក បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើង នៅក្នុងកិច្ចប្រជុំទាំង២លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅ ក្នុងការបន្តធ្វើធុរកិច្ច ដោយទទួលបានការ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាសេនាធិការ៕

To Top