ព័ត៌មានអន្តរជាតិ

ចិន វ៉ាដាច់អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្ម កំពូលរបស់អាល្លឺម៉ង់ ចំពេលមានភាពតានតឹង ផ្នែកពន្ធគយ

ប៊ែរឡាំង៖ យោងតាមទិន្នន័យ ពីការិយាល័យស្ថិតិសហព័ន្ធរបស់អាល្លឺម៉ង់ ប្រទេសចិន បានជំនួសសហរដ្ឋអាមេរិក ដោយក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់អាល្លឺម៉ង់ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ ។ អ្នកវិភាគឲ្យដឹងថា ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីផលប៉ះពាល់កាន់តែខ្លាំងឡើងនៃពន្ធគយ និងរបាំងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើឱ្យទំនាក់ទំនង សេដ្ឋកិច្ចឆ្លងមហាសមុទ្រអាត្លង់ទិកតានតឹង និងធ្វើឱ្យសន្ទុះនាំចេញ របស់អាល្លឺម៉ង់ចុះខ្សោយ។

ចាប់ពីខែមករាដល់ខែសីហា ការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់សហរដ្ឋអាមេរិកមានចំនួនសរុប ១០១ ពាន់លានអឺរ៉ូ (១១៧ ពាន់លានដុល្លារអាមេរិក) ធ្លាក់ចុះ ៦,៥ ភាគរយពីមួយឆ្នាំមុន។ ការនាំចេញក្នុងខែសីហា តែមួយបានធ្លាក់ចុះ ២០.១ ភាគរយធៀបនឹងឆ្នាំមុន មកត្រឹម ១០.៩ ពាន់លានអឺរ៉ូ ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ ។

ការនាំចូលពីសហរដ្ឋអាមេរិកបានឈានដល់ ៦៣.៤ ពាន់លានអឺរ៉ូ ដែលនាំឱ្យពាណិជ្ជកម្មទ្វេភាគីសរុបមានចំនួន ១៦៤.៤ ពាន់លានអឺរ៉ូ (១៩១ ពាន់លានដុល្លារ) ។ ផ្ទុយទៅវិញ ពាណិជ្ជកម្មរវាងអាល្លឺម៉ង់ និងចិនបានបង្ហាញថាមានភាពធន់ជាងមុន ដោយកើនឡើងដល់ ១៦៦.៣ ពាន់លានអឺរ៉ូ (១៩៣ ពាន់លានដុល្លារ) ក្នុងអំឡុងពេលដូចគ្នា។

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលចូលជាធរមាននៅថ្ងៃទី ១ ខែសីហា សហរដ្ឋអាមេរិកបានដាក់ពន្ធ ១៥ ភាគរយ លើការនាំចេញភាគច្រើន របស់សហភាពអឺរ៉ុប ។ លោក Dirk Jandura ប្រធានសហព័ន្ធលក់ដុំ ពាណិជ្ជកម្មបរទេស និងសេវាកម្មអាល្លឺម៉ង់ បានឲ្យដឹងថា គោលនយោបាយពន្ធ របស់សហរដ្ឋអាមេរិក គឺជាកត្តាសំខាន់នៅពីក្រោយការធ្លាក់ចុះនៃការនាំចេញ ដោយកត់សម្គាល់ថា តម្រូវការសម្រាប់រថយន្ត គ្រឿងចក្រ និងសារធាតុគីមី ដែលផលិតនៅអាល្លឺម៉ង់ បានធ្លាក់ចុះយ៉ាងខ្លាំង។

យោងតាមសមាគមសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់ ក្រុមហ៊ុនអាល្លឺម៉ង់ជាងពាក់កណ្តាល ដែលខ្លួនបានស្ទង់មតិមានគម្រោងកាត់បន្ថយ ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយប្រហែលមួយភាគបួនរំពឹងថា នឹងផ្អាក ឬលុបចោលគម្រោងវិនិយោគនៅទីនោះ។ អ្នកសេដ្ឋកិច្ច Hermann Simon បានឲ្យដឹងថា ពន្ធគយរបស់សហរដ្ឋអាមេរិក បានបង្កើតបញ្ហាប្រឈមធ្ងន់ធ្ងរ សម្រាប់អ្នកនាំចេញអាល្លឺម៉ង់ ដោយព្រមានថា ក្រុមហ៊ុនដែលបាត់បង់ចំណែកទីផ្សារនៅសហរដ្ឋអាមេរិក នឹងត្រូវរុករកតំបន់ផ្សេងទៀត ដើម្បីរក្សាកំណើន។

ឧស្សាហកម្មរថយន្ត ដែលជាសសរស្តម្ភនៃអតិរេកពាណិជ្ជកម្ម របស់អាល្លឺម៉ង់ជាមួយសហរដ្ឋអាមេរិក រងផលប៉ះពាល់ខ្លាំងបំផុត។ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធលើយានយន្តនាំចូល និងផលិតផលពាក់ព័ន្ធ នៅក្នុងខែមេសា ការនាំចេញរថយន្ត របស់អាល្លឺម៉ង់បានស្ថិតនៅក្រោមសម្ពាធ ជាបន្តបន្ទាប់ ។

របាយការណ៍មួយដោយក្រុមហ៊ុន ប្រឹក្សាយោបល់ EY បានបង្ហាញថា វិស័យរថយន្តរបស់ប្រទេសនេះបានបាត់បង់ការងារប្រហែល ៥១,៥០០ កន្លែងក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលបញ្ចប់នៅខែមិថុនា ស្មើនឹងជិត ៧ ភាគរយ នៃកម្លាំងពលកម្មរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា ពន្ធគយខ្ពស់បានជំរុញឱ្យតម្លៃរថយន្ត និងគ្រឿងបន្លាស់របស់អាល្លឺម៉ង់ នៅសហរដ្ឋអាមេរិកកើនឡើង ដែលជំរុញឱ្យក្រុមហ៊ុន Mercedes-Benz, Volkswagen, Bosch, Continental និងក្រុមហ៊ុនដទៃទៀតដាក់ចេញផែនការ កាត់បន្ថយការចំណាយយ៉ាងច្រើនរបស់ពួកគេ៕

To Top