ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទាក់ទាញ​គម្រោង វិនិយោគរោងចក្រផលិតចំណីសត្វ នៅខេត្តកំពង់ធំ ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ នាពេលថ្មីៗនេះ បានជួបពិភាក្សាការងារ ជាមួយ លោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្ម ក្រៅប្រទេសនៃក្រុមហ៊ុន New Hope Liuhe Co. Ltd ដើម្បីជំរុញ ការវិនិយោគលើវិស័យផលិតចំណីសត្វ ដែលជាផ្នែកយ៉ាងសំខាន់ នៃខ្សែច្រវាក់ផលិតកម្មចំណីអាហារ ក្នុងខេត្តកំពង់ធំ ក្នុងគោលដៅទាក់ទាញវិនិយោគិន លើកកម្ពស់ផលិតភាពនិងគុណភាពផលិតផលចំណីអាហារ និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។

គួរបញ្ជាក់ថា ក្រុមហ៊ុន New Hope Liuhe Co. Ltd គឺជាក្រុមហ៊ុនផលិតចំណីសត្វ ដ៏ធំមួយមកពីប្រទេសចិន ហើយក៏ស្ថិតនៅក្នុងចំណោម ក្រុមហ៊ុនផលិតចំណីអាហាររួមមានសាច់ ស៊ុត និងទឹកដោះគោធំជាងគេក្នុងប្រទេសចិនផងដែរ។

ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និង ទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិតចំណីសត្វរហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។

បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកទូទាំងពិភពលោករហូតដល់ទៅប្រមាណ ១០ម៉ឺននាក់ ដែលក្នុងនោះ ៩៤%គឺជាប្រជាជននៅតាមមូលដ្ឋាន ដែលទទួលបានការបណ្តុះបណ្តាល ដោយផ្ទាល់អំពីបច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការផលិតចំណីសត្វ។ ជាជំហានដំបូងសម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន New Hope Liuhe Co. Ltd មានគោលដៅផលិតចំណីសត្វ រហូតដល់ទៅប្រមាណ ១០លានតោនក្នុងមួយឆ្នាំ ហើយនឹងដាក់ទុនវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់ ដែលនឹងបង្កើត ជាឱកាសការងារជូនប្រជាជន និងលើកកម្ពស់វិស័យចិញ្ចឹមសត្វ និងផលិតចំណីអាហារក្នុងខេត្តកំពង់ធំ ៕

To Top