ព័ត៌មានអន្តរជាតិ

មាតារបស់មហាក្សត្រថៃ សោយទីវង្គត ក្នុងមន្ទីរពេទ្យ ជូឡាឡុងកន ក្នុងព្រះជន្ម៩៣ ព្រះវស្សា

បរទេស: ការិយាល័យ​ព្រះបរមរាជវាំង​ថៃ បាន​ប្រកាស​នៅ​កាលពីថ្ងៃ​សុក្រ​ថា ព្រះមហាក្សត្រីយានី Sirikit មាតារបស់មហាក្សត្រថៃ បាន​សោយទិវង្គត​នៅ​មន្ទីរពេទ្យ​ ជូឡាឡុងកន វេលា​ម៉ោង ៩:២១ យប់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥។ ព្រះមហាក្សត្រីយានី Sirikit​ មាន​ព្រះជន្ម ៩៣ ព្រះវស្សា។

‎យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ថា សេចក្តីប្រកាស​នេះ​បាន​សរសេរ​ថា៖ «ព្រះមហាក្សត្រីយានី Sirikit បាន​គង់​នៅ​មន្ទីរពេទ្យ​ ជូឡាឡុងកន សមាគម​កាកបាទក្រហម​ថៃ តាំងពី​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៩។ ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន​ប្រព័ន្ធ​រាងកាយ​ផ្សេងៗ។

‎ក្នុងអំឡុងពេល​គង់ស្នាក់នៅ​របស់​ព្រះអង្គ ព្រះមហាក្សត្រីយានី​បាន​ប្រឈួន​ច្រើនដង ខណៈ​គ្រូពេទ្យ​បាន​រកឃើញ​ភាពមិនប្រក្រតី​ដែល​ត្រូវការ​ការព្យាបាល​ជា​បន្តបន្ទាប់។

‎ចាប់តាំងពី​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ ព្រះមហាក្សត្រីយានី សិរិគិត បាន​ប្រឈួន​ដោយសារ​ជំងឺ​រលាក​ក្នុង​ឈាម (sepsis)។ ទោះបីជា​ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​តាម​លទ្ធភាព​ក៏ដោយ ស្ថានភាព​របស់​ព្រះអង្គ​កាន់តែ​យ៉ាប់យ៉ឺន​។

‎ប្រែសម្រួល: ណៃ តុលា

To Top