ព័ត៌មានជាតិ

លោក រុំ សុវិជ្ជា នាយការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ ផឹកស្រវឹងជោគជាំ បើករថយន្តបុករនាំង រូបសំណាក លោកតាអាចារ្យលាក់ និងជេរប្រមាថ លោកអភិបាលខេត្ត យ៉ាងចាស់ដៃ

ភ្នំពេញ ៖ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ លោក រុំ សុវិជ្ជាដែលទើបរងការព្រមាន ពីសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មិនបានប៉ុន្មានខែផង ស្រាប់តែផឹកស្រាស្រវឹងជោគជាំ រួចបើករថយន្តបុករនាំង បរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត ហើយអ្វី ដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះ គឺនាយការិយាល័យចរាចរណ៍ផ្លូវគោករូបនេះ បានស្រែកជេរប្រមាថ និងចោទប្រកាន់យ៉ាងធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ លោក សុខ លូ ថា នៅទីតាំកើតហេតុ មិន មានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ។

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយនាយការិយាល័យចរាចរណ៍ ផ្លូវគោកខេត្តកំពង់ធំ បណ្តាលមកពីជាតិស្រវឹងខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀតសោតក៏មានតួទាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង ។

សូមរំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍ តាមវិន័យរបស់កងកម្លាំង នគរបាលជាតិ ជាក់ជាពុំខាន។

សេចក្ដីរាយការណ៍នានាលាតត្រដាងពីរឿងអាស្រូវមួយចំនួនដែលនគរបាលរូបនេះ ធ្លាប់បានបង្កជាច្រើនដង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មុខមាត់របស់ខេត្ត ស្ថាប័ននគរបាលជាតិ ជាពិសេសទទួលការ ថ្នាំងថ្នាក់យ៉ាងខ្លាំង ពីមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្ត និយាយជារួម និងនិយាយដោយឡែក ចំពោះប្រជាពលរដ្ឋ ដែលធ្លាប់មានបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍នាពេលកន្លងទៅ។

ជាមួយគ្នានេះ លោក រុំ សុវិជ្ជា ក៏ធ្លាប់បានជេរប្រមាថ ដោយសម្តីអសុរោះ ទៅលើអ្នកគ្រូពេទ្យនៅខេត្តកំពង់ធំ កាលពីពេលកន្លងទៅផងដែរ ពេលដែលរូបគាត់ បានចូលទៅអុកឡុក រករឿង នៅក្នុងមន្ទីរពេទ្យ ដើម្បីចូលមើលមិត្តភក្តិផឹកស៊ីរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុ និងស្រែកឡូឡាបានមួយសន្ទុះ មានបក្ខពួកដែលគេដឹងថា ជានគរបាលដូចគ្នា បាននាំគ្នារំដោះយករថយន្ត បង្កហេតុ ទៅទុកនៅយានដ្ឋានមួយកន្លែងទាំងយប់ ដើម្បីបិទបាំងករណីនេះ។

អ្នកដែលឃើញហេតុការណ៍នេះ បានសំណូមពរដល់សម្ដេចក្រឡាហោម និងនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាចាត់វិធានការឱ្យបានធ្ងន់ធ្ងរចំពោះបុគ្គល នេះ ដើម្បីជាគំរូដល់មន្ត្រីដទៃទៀត និងដើម្បីចូលរួមការរឹតបន្ដឹងការនុវត្តន៍ច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ហើយការសូមទោសណាមួយ វាមិនអាចបំពេញនូវទោស កំហុសរបស់ខ្លួនដែលបានធ្វើនោះឡើយ ៕

To Top