ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ពលរដ្ឋ អាចដាក់ពាក្យស្នើសុំកែតម្រូវឯកសារអត្តសញ្ញាណកម្ម នៅសាលាក្រុង ស្រុក ខណ្ឌ ឬមកនាយកដ្ឋានអត្រានុកូលដ្ឋាន

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចំពោះបញ្ហាកំហុសទិន្នន័យក្នុងឯកសារអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ អាចដាក់ពាក្យស្នើសុំកែតម្រូវ នៅសាលាក្រុង ស្រុក ខណ្ឌ ឬមក នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយផ្ទាល់បាន។

ការឲ្យដឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីមានហ្វេសប៊ុកមួយឈ្មោះ Son Sophy បានសរសេរថា «ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជា កំហុសអក្ខរាវិរុទ្ធ នៅលើអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត ចាំបាច់ទាល់តែទៅដល់តុលាការ? ពីព្រោះថា ទាំងអស់នេះ គឺជាកំហុសមន្ត្រី អត្រានុកូលដ្ឋានជាអ្នកសរសេរតើ? គួរតែសម្រួលឲ្យខ្លីខ្លឹម?»។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឆ្លើយតបតាមរយៈខំមិនថា «បញ្ហាប្រឈមកន្លងមកពាក់ព័ន្ធនឹងកំហុសទិន្នន័យក្នុងឯកសារអត្តសញ្ញាណកម្ម ដូចជា សំបុត្រអត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្រមរណភាព) ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាដើម ជាបញ្ហាប្រឈមកើតឡើងកន្លងមកមិនមែនសុទ្ធតែកើតឡើងដោយបញ្ហាកំហុសរបស់មន្ត្រីទាំងស្រុងទេ បញ្ហាខ្លះជាបញ្ហាកំហុសបច្ចេកទេសរបស់មន្ត្រីខ្វះការប្រុងប្រយ័ត្នមិនបានយកចិត្តទុកដាក់។ ចំពោះបញ្ហាកំហុសបច្ចេកទេសនេះ ពលរដ្ឋ អាចដាក់ពាក្យស្នើសុំកែតម្រូវនៅសាលាក្រុង ស្រុក ខណ្ឌ ឬមកនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយផ្ទាល់បាន»។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ដថា ដោយឡែក បញ្ហាកំហុសទិន្នន័យមួយចំនួន គឺកើតឡើងពីប្រជាពលរដ្ឋខ្លួនឯង ប្តូរឯកសារគ្នាប្រើ កោសលុប ឬប្តូរអត្តសញ្ញាណខ្លួនឯងតែម្តង ដែលជំនាញបានជួបជាហូរហែរ ដែលករណីបែបនេះហើយតម្រូវឱ្យទៅតុលាការ។ ជាដំណោះស្រាយលើកំហុសទិន្នន័យអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងរៀបចំប្រកាសស្តីពីការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន ដែលនឹងត្រូវសម្រេចនាពេលឆាប់ៗនេះ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ថែមថា នៅពេលប្រកាសនេះត្រូវបានដាក់ឱ្យអនុវត្ត ពលរដ្ឋដែលមានកំហុសទិន្នន័យអត្រានុកូលដ្ឋាន អាចនឹងស្នើសុំកែតម្រូវទិន្នន័យនៅក្រុង ស្រុក ខណ្ឌតាមប្រព័ន្ធតែម្តង ដែលមានភាពងាយស្រួល និងឆាប់រហ័ស។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្នើប្រជាពលរដ្ឋ ជៀសវាងការកោសលុបលើឯកសារ ប្តូរឯកសារគ្នាប្រើ ឬក្លែងអត្តសញ្ញាណ ដែលអាចជួបផលលំបាកនៅពេលប្រើប្រាស់ ព្រមទាំងប្រឈមមុខនឹងផ្លូវច្បាប់ទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរសព្ទ ១២៧១ រាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ដើម្បីជួបមន្ត្រីជំនាញ ពិគ្រោះ និងដោះស្រាយជូន៕

To Top