លោកបណ្ឌិត កៅ ថាច អញ្ជេីញចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលស្តីពី ហិរញ្ញប្បទានផ្នែកកសិស្បៀងអាហារ
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលស្តីពី ហិរញ្ញប្បទានផ្នែកកសិស្បៀងអាហារ៖ ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត បានសង្កត់ធ្ងន់អំពីគម្លាតហិរញ្ញប្បទានក្នុងវិស័យកសិកម្ម ដែលគម្លាតនោះត្រូវបានបែងចែកចេញជា ៤ ប្រភេទ រួមមាន៖ គម្លាតផ្នែកស្ថាប័ន ដែលសំដៅដល់ភាពមិនស៊ីគ្នានៃឥណប្រតិទាន (maturity) រវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងប្រជាកសិករ គម្លាតព័ត៌មាន ដែលសំដៅដល់កង្វះពត៌មានក្នុងការវាយតម្លៃឥណទាន គម្លាតសមត្ថភាព ដែលសំដៅលើគម្លាតនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាកសិករ គម្លាតបច្ចេកវិទ្យា ដែលសំដៅដល់គម្លាតនៃបរិយាបន្នសេវាធនាគារឌីជីថល នៅតាមតំបន់ជនបទ។

បន្ថែមពីនេះ លោកបណ្ឌិត ក៏បានបន្សល់នូវអនុសាសន៍មួយចំនួន សម្រាប់ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ពោលគឺ ការពង្រឹកការផ្តល់ហិរញ្ញប្បទានបៃតង ការពង្រឹងសមត្ថភាពប្រជាកសិករ ការពង្រឹងកិច្ចសហការរវាងតួអង្គពាក់ព័ន្ធ និងការធ្វើឌីជីថលូបណីកម្មទៅក្នុងប្រតិបត្តិការធនាគារឱ្យមានបរិយាបន្ន៕



