ក្រុមការងារជម្រុញការវិនិយោគ លៃលកផែនការដើម្បីប្រែក្លាយមណ្ឌលគិរី ជាតំបន់បង្គោលសេដ្ឋកិច្ចថ្មីនាភូមិភាគឦសាន
មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ត្រូវបាននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតីជម្រុញអោយក្លាយទៅជាបង្គោលសេដ្ឋកិច្ចថ្មី ដែលប្រកបដោយសក្កានុពល នៃតំបន់ភូមិភាគឦសាននេះ។

ក្នុងនោះសេនារីយ៉ូថ្នាក់ក្រោមដែលមានក្រុមការងារ ជំរុញការវិនិយោគឬហៅកាត់(ក,វ,ឦសាន)កាលពីថ្ងៃទី១៤ វិច្ឆិកា ក៏បានចុះជួបដោយផ្ទាល់និងដឹកនាំកិច្ចពិភាក្សាជាមួយបណ្តាក្រុមហ៊ុន និងសហគ្រាសក្នុងខេត្តមណ្ឌលគិរីផងដែរដែលដឹកនាំដោយលោកពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាសមាជិក(ក,វ,ឦសាន)។

គោលបំណងនៃការចុះទស្សនកិច្ចនេះ ត្រូវបានគេបញ្ជាក់ថា ផ្តោតលើការពិភាក្សាអំពីស្ថានភាពទូទៅនៃអាជីវកម្ម និងបញ្ហាប្រឈមដែលក្រុមហ៊ុន/សហគ្រាស កំពុងជួបប្រទះ ដើម្បីផ្តល់នូវដំណោះស្រាយប្រឹក្សាយោបល់ប្រកបដោយប្រសិទ្ធភាព។ជំរុញការវិនិយោគលើការកែច្នៃក្នុងខេត្តមណ្ឌលគិរី ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រោមកម្មវិធីពិសេស។

លោកអនុរដ្ឋលេខាធិការ បានធ្វើការចែករំលែក និងផ្សព្វផ្សាយលម្អិតជូនវិនិយោគិន អំពីអត្ថប្រយោជន៍ជាច្រើនដែលកម្មវិធីពិសេសនេះផ្តល់ជូន ដូចជា ការលើកលែងពន្ធជាច្រើនប្រភេទ ដែលជួយកាត់បន្ថយបន្ទុកប្រតិបត្តិការរបស់ក្រុមហ៊ុន។ ការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ ដើម្បីទ្រទ្រង់ដល់ការពង្រីក និងចាប់ផ្តើមគម្រោងថ្មីៗ។ ជួយសម្រួលដល់នីតិវិធីរដ្ឋបាល និងកាត់បន្ថយថ្លៃដើមផលិតកម្ម ដើម្បីបង្កើនភាពប្រកួតប្រជែង។

លោក ពេជ្រ សម្បត្តិ ក៏បានធ្វើការលើកទឹកចិត្ត និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងក្រុមហ៊ុន/សហគ្រាសទាំងអស់ ដោយជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តផ្តល់ភាពងាយស្រួលដល់ការវិនិយោគនៅក្នុងតំបន់ប្រកបដោយតម្លាភាព។

ក្រុមការងារជំនាញបាន អំពាវនាវឱ្យក្រុមហ៊ុន/សហគ្រាសទាំងអស់ ពិចារណា និងបង្កើនការវិនិយោគឱ្យបានច្រើនតាមសក្តានុពល ដើម្បីទាញយកប្រយោជន៍ពីការលើកទឹកចិត្តពិសេសនេះ។

ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងចម្បងជំរុញការវិនិយោគលើវិស័យអាទិភាពចំនួន ៣ គឺ៖ វិស័យកសិកម្ម (ទំនើបកម្ម) កសិ-ឧស្សាហកម្ម (កែច្នៃ) និង វិស័យទេសចរណ៍ ក្នុងខេត្តចំនួន ៤ នៅភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។


សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរុងរឿងប្រកបដោយបរិយាប័ន្ន នៅក្នុងបណ្តាខេត្តជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់នេះឱ្យក្លាយជាបង្គោលសេដ្ឋកិច្ចមួយដ៏រឹងមាំ៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
