ព័ត៌មានជាតិ

កម្ពុជា-ថៃ ឯកភាពគ្នា មិនបង្កើនកម្លាំងតាមបណ្តោយព្រំដែន និងមិនប្រើកម្លាំងគ្រប់ប្រភេទ ប្រឆាំងនឹងជនស៊ីវិល

ភ្នំពេញ ៖ កម្ពុជា-ថៃ ឯកភាពគ្នាថា នឹងមិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងមូល ហើយការបង្កើនកងកម្លាំងណាមួយអាចនឹងបង្កើនភាពតានតឹង បង្កឱ្យមានផលអវិជ្ជមាន ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្ន។

នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ ថ្ងៃទី២៧ ធ្នូ ២០២៥។

ទន្ទឹមនឹងនោះ ភាគីទាំងពីរ ឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬ ទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់។ ភាគីទាំងពីរឯកភាពគ្នាមិនធ្វើការសាងសង់ ឬ ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬ លេណដ្ឋានផ្សេងៗ នៅហួសពីទីតាំងរបស់ខ្លួនឡើយ។

ភាគីទាំងពីរ ឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិល និងគោលដៅស៊ីវិលទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងជាការបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) ត្រូវបានដឹកនាំដោយ នាយឧត្តមេសនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top