Greenland គោលដៅនៃការកាន់កាប់ មានយូរហើយរបស់អាមេរិក!
ប្រការដែលមានគោលគំនិតចង់គ្រប់គ្រងត្រួតត្រាមកលើកោះទឹកកក Greenland មិនមែនទើបតែមានកាលជំនាន់លោក Trump នោះទេ តែនេះគឺជាមហិច្ឆិតាក្នុងភូមិសាស្ត្រនយោបាយដែលមានយូរមកហើយរបស់អ្នកកាន់អំណាច អាមេរិកសម្រាប់ប៉ូលខាងជើងនោះ។

Greenland គឺជាកោះទឹកកកមួយដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទីតាំងនៅជិតអាមេរិកខាជើង ស្ថិតនៅពាក់កណ្ដាលនៃសមុទ្រ Atlantic និងសមុទ្រ Arctic។ Greenland គឺជាដែនដីស្វ័យភាពរបស់ Denmark ដែលមានប្រជាជនប្រមាណ ៥៧,០០០នាក់ និងមានវិសាលភាពទឹកដី ២.១៦លានគីឡូម៉ែត្រការេ។
Greenland ស្ថិតនៅលើបណ្ដោយផ្លូវ ដែលមានរយៈជិតបំផុតក្នុងការធ្វើដំណើរពីតំបន់អាមេរិកខាងជើងទៅកាន់ទ្វីបអ៊ឺរ៉ុប ដែលជាហេតុធ្វើអោយ Greenland បានក្លាយទៅជាចំនុចយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ បំផុតសម្រាប់ក្រុង Washington។ ក្រៅពីនេះ Greenland ត្រូវបានដឹងថាជាដែនដីមួយថ្មីហើយសម្បូរ ទៅដោយធនធានធម្មជាតិគ្រប់បែបយ៉ាង ដូចជា ប្រេង ឧស្ម័ន និងរ៉ែកម្រ ដែលកោះទឹកកកនេះ កាន់តែធ្វើអោយដែនដី នេះកាន់តែសំខាន់បំផុតក្នុងភូមិសាស្ត្រ យុទ្ធសាស្ត្រ របស់អ្នកកាន់អំណាចរបស់អាមេរិក។

នៅក្នុងសម័យកាលនៃសង្គ្រាមក្នុងស្រុក (Civil War 12/07/1861-09/05/1865) របស់អាមេរិក ពេលនោះហើយដែលលោក ប្រធានាធិបតី Andrew Johnson បានស្វែងរកគ្រប់វិធានដើម្បីបើកពង្រីក អំណាចរបស់អាមេរិកនៅលើសមុទ្រ Pacific ក្រោយពីអាមេរិកបានទិញ Alaska ពីរុស្សីក្នុងតម្លៃ ៧,២លានដុល្លារ នៅឆ្នាំ១៨៦៧មក ពេលនោះហើយដែlលោក William H.Steward រដ្ឋមន្រ្តីការបរទេសអាមេរិក បានចាប់អារម្មណ៍យកចិត្តទុកដាក់មកលើដែនដីទាំងឡាយ ដែលមានទីតាំងនៅក្នុងតំបន់ប៉ូលខាងជើង (North Pole) ផ្សេងទៀត។
ដោយអនុលោមទៅតាមសំណើររបស់ Steward គឺ រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុអាមេរិកលោក Robert J. Walker ពេលនោះបានមានអនុសាសន៍ដោយស្នើអាមេរិក កាន់កាប់បន្ថែមទៀតមកលើកោះ Greenland និង Iceland ថែមទៀត។ Steward ពេលនោះជាឥស្សរជន ដែលមានគំនិតខ្លាំងក្លាបំផុតក្លុងស្មារតីគាំទ្រ ទៅលើគោលនយោបាយអនុត្តរភាពវាតទីនិយម របស់អាមេរិក ដោយ Steward ជាបុគ្គលម្នាក់មានសក្មមភាពនិងរួមចំណែកយ៉ាងសកម្មបំផុតក្នុងការទិញ Alaska ពីរុស្សីនាពេលនោះ។

Walker ពេលនោះបានលើកឡើងជាគំនិត ក្នុងការទិញតំបន់ទាំងនេះ មានចរិតជានយោបាយនិងពាណិជ្ជកម្ម ដើម្បីធ្វើអោយក្រុង Washington មានការថ្លឹងថ្លែងពិចារណាក្នុងការទិញ Greenland ដោយ Steward ក៏បានសង្កត់ធ្ងន់ថា Greenland គឺជាកោះមួយដែលមានវិសាលភាពធំធេង និងសម្បូរទៅដោយសម្បត្តិធម្មជាតិ ក្រៅពីនេះលោក Steward បានគត់សម្គាល់ឃើញថា Greenland ជាតំបន់សមុទ្រដែលមានច្រកទឹកជ្រៅច្រើន ងាយស្រួលក្នុងការនេសាទ និងការពារល្អ។
ក្រៅអំពីបរិមាណដ៏មហិមានៃធ្យូងថ្មដែលបានរកឃើញ នៅមានប្រភេទរ៉ែជាច្រើនទៀតដែលរកឃើញតាមរយៈភូគព្ភសាស្ត្ររបស់ Greenland សរអោយឃើញថាទីនេះសម្បូរទៅដោយរ៉ែបំផុតដែលជាហេតុធ្វើឱ្យ លោក Walker បានអះអាងថា ការកាន់កាប់ Greenland អាចជួយអោយអាមេរិក គ្រប់គ្រងបានក្នុងវិស័យពាណិជ្ជកម្មពិភពលោក តែទោះបីជាមានអនុសាសន៍ល្អ និងការលើកហេតុផលយ៉ាងច្រើនដូច្នោះក៏ដោយ ក៏រដ្ឋបាលអាមេរិកពេលនោះហាក់បីដូចជាពុំបានដាក់ចេញនៅគោលនយោបាយណាមួយក្នុងការស្វែងរកទិញកោះ Greenland ឡើយ។

នៅឆ្នាំ១៩១០លោក Maurice Francis Egan ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ Danmark បានសរសេរលិខិតផ្ញើរជូនឧបការីរដ្ឋមន្ត្រីការទេសអាមេរិក ដោយមានសំណូមពរស្នើរអោយអាមេរិកប្រគល់កោះ Mindanao របស់ហ្វីលីពីនទៅអោយ Danmark គ្រប់គ្រង ដែលពេលនោះហ្វីលីពីនស្ថិតនៅក្រោមការត្រួតត្រាកាន់កាប់របស់អាមេរិក ជាការដោះដូរមួយដើម្បីយកកោះ Greenland និងប្រជុំកោះផ្សេងៗទៀតរបស់ Danmark ។
ក៏ប៉ុន្តែសំណើរទាំងនេះមិនត្រូវបានក្រុង Washington យកចិត្តទុកដាក់ផងដែរ ដោយពេលនោះសង្គ្រាមលោកលើកទី១ បាននឹងកំពុងតែរីករាល់ដាលខិតជិតមក ដូច្នោះរដ្ឋបាលក្រុង Washington បានគិតគូររឿងផ្សេងច្រើន ដោយមិនបានយកចិត្តទុកដាក់លើការដោះដូរយកកោះ ទាំងនេះមកគ្រប់គ្រងឡើយ។

តែបានប៉ុន្មានឆ្នាំក្រោយមក អាមេរិកបានទិញប្រជុំកោះ Virgin ពី Danmark ក្នុងតម្លៃ ២៥លានដុល្លារគិតជាមាសក្នុងគោលបំណងរារាំងទប់ទល់ជាមុនកុំឱ្យ ពួកហ្វាក់ស៊ីសអាល្លឺម៉ង់ រុករាន ត្រួតត្រាមកលើតំបន់ទាំងនេះបាន!។ក្រោយមកចាប់ពីបណ្ដាឆ្នាំ១៩៣៩មក សង្គ្រាមលោកលើកទី២ បានផ្ទុះហើយពួកហ្វាស៊ីសអាល្លឺម៉ង បានវាយឈ្លានពាន Danmark ពេលនោះហើយអាមេរិកទទួលភារកិច្ចក្នុងការការពារ Danmark ដោយអាមេរិកបានបង្កើនការមានមុខជាយោធារបស់ខ្លួនទៅលើទឹកដី Danmark ចាប់ពីពេលនោះទៅ។ នៅឆ្នាំ១៩៤៦ ក្រោយពីច្រើនឆ្នាំក្នុងការពិគ្រោះពិចារណានិងការថ្លឹងថ្លែង អាមេរិក ពេលនោះក្រោមការដឹកនាំរបស់លោក Harry Truman ប្រធានាធិបតីអាមេរិកបានលើកសំណើរជាផ្លូវការដំបូងក្នុងការចង់ទិញ Greenland ពី Danmark ។

សំណើរនេះពេលនោះត្រូវបានលាក់ទុក ជាការសម្ងាត់ហើយរហូតមកដល់ឆ្នាំ១៩៩១ ទើបមានការសែតមួយរបស់ Danmark ធ្វើការផ្សព្វផ្សាយអោយដឹងជាសាធារណៈ មានន័យថា ក្រោយពីជាច្រើនទស្សវត្សត៍ ទើបសំណើរទិញកោះ Greenland នេះត្រូវបានលេចធ្លាយអោយមហាជនបានដឹង។

នៅខែ០៦ ឆ្នាំ១៩៤៦ លោក John Hickerson មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក ពេលបានចូលរូមក្នុងកិច្ចប្រជុំនៃគណៈកម្មការផែនការនិងយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាសេនាធិការអន្តរកងទ័ព បានបង្ហើបអោយដឹងថាសមាជិកទាំងអស់របស់ក្រុមប្រឹក្សាមួយនេះបានឯកច្ឆានក្នុងការជុំរុញឱ្យក្រុង Washington ត្រូវស្វែងរកនៅគ្រប់វិធានការក្នុងការទិញយក Greenland អោយបាន ដោយក្រុមប្រឹក្សានេះទាំងមូលបានឯកភាពថា កោះ Greenland គ្មានតម្លៃ ណាមួយសម្រាប់ Danmark ក៏ប៉ុន្តែ Greenland មានមុខងារ និងទីតាំងមួយយ៉ាងសំខាន់បំផុតសម្រាប់យុទ្ធសាស្ត្រសន្តិសុខរបស់អាមេរិក ក្នុងករណីអាមេរិកគ្រប់គ្រង Greenland បានដែលនេះជាការអះអាងរបស់លោក Hickerson នាពេលនោះ។
ក្រោយមកសង្គ្រាមត្រជាក់បានកើតមានឡើង ធ្វើឱ្យសហរដ្ឋអាមេរិកមើលឃើញកាន់តែច្បាស់និងបានចាត់ទុក Greenland ជាកត្តាសំខាន់និងចាំបាច់ចំពោះសន្តិសុខរបស់អាមេរិក ក៏ប៉ុន្តែលោក Hickerson បានអះអាងថា Danmark គ្មានបំណងចង់លក់កោះ Greenland នេះមកអោយអាមេរិក ឡើយ។

នៅក្នុងកំណត់ហេតុកាទូតមួយនៅក្នុងឆ្នាំ១៩៤៦ ដែលបានសរសេរដោយលោក Willian C.Trimble អគ្គនាយករង នៃអគ្គនាយកដ្ឋានអ៊ឺរ៉ុបខាងជើងរបស់ក្រសួងការបរទេសអាមេរិក ដោយលោក Trimble បានស្នើរទិញកោះ Greenland នេះក្នុងតម្លៃ ១០០លានដុល្លារគិតជាមាស។ ក្រៅពីនេះក៏មានមន្រ្តីជាន់ខ្ពស់របស់អាមេរិក ជាច្រើនបានលើកមតិក្នុងការពិភាក្សាដោយយកប្រេងដែលមាននៅ Alaska ធ្វើជាវត្ថុសម្រាប់ជាការដោះដូរទូទាត់ទិញតំបន់ខ្លះនៅលើកោះ Greenland ។

ក្រោយមកលោក James F. Byrnes រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានលើកជាសំណូមពរនេះមកចរចាជាមួយសមភាគី Danmark លោក Gustav Rasmusen រដ្ឋមន្ត្រីការបរទេស Danmark នៅពេលដែលអ្នកទាំងពីរនេះ ជួបនិងចូលរួមកិច្ចប្រជុំធ្វើការជាមួយគ្នានៅ New York នាថ្ងៃទី១៤/១២/១៩៤៦។
ជារួមក្រុង Copenhagen គ្មានបំណងលក់កោះនេះទេ ក៏ប៉ុន្តែក្រោមសម្ពាធ Danmark បានអនុញាតឱ្យសហរដ្ឋអាមេរិក កសាងមូលដ្ឋានយោធានិង ប្រតិបត្តិការយោធានៅទីនេះទៅតាមផែនការរបស់ខ្លួន។ អាមេរិកបានកសាងមូលដ្ឋានយោធា ជាច្រើននៅលើកោះ Greenland ក្រោយមកក៏មានការកសាងមូលដ្ឋានអាវកាសនៅ Pituffik ដែលមុននេះធ្លាប់ហៅថាមូលដ្ឋានទ័ពអាកាស Thule ។

ក្រោយពីមានការតស៊ូមតិមួយដ៏តានតឹងនិងយូរលង់ ទីបំផុតនៅឆ្នាំ១៩៧៩ Greenland ទទូលបាននូវសិទ្ធស្វ័យភាព ដោយឆ្លងតាមការធ្វើប្រជាមតិ។ ដល់ឆ្នាំ2008 Greenland បានអនុម័តមកលើក្រិត្យច្បាប់ស្វ័យភាព ធ្វើអោយ Greenland កាន់តែមានសិទ្ធិអំណាចច្រើន ទូលំទូលាយជាង ក៏ប៉ុន្តែរាល់ការសម្រេចទាក់ទងដល់ការងារការបរទេស និងការពារជាតិនៅតែជាសិទ្ធិ សម្រេចរបស់ Danmark ដដែល។
ក្រោមសម័យកាលដឹកនាំរបស់លោក Trump ស្រាប់តែមហិច្ឆិតានៃការចង់បានកោះ Greenland នេះបានរស់និងផុសផុលយ៉ាងខ្លាំងក្លាក្នុងមជ្ឈដ្ឋានអ្នកកាន់អំណាចរបស់អាមេរិក តាំងពីបណ្ដាឆ្នាំ២០១៩ នៅពេលដែល Trump ចូលកាន់អំណាចក្នុងសេតវិមានមក មានអ្នកនយោបាយខ្លះបានធ្វើការប្រៀបធៀបការទាក់ទងដើម្បីដណ្ដើមបានកោះ Greenland ដូចការរត់ការដើម្បីសូកប៉ានទិញ អចលនទ្រព្យអញ្ចឹង។ ក៏ប៉ុន្តែទោះបីជាក្រុង Washington មានវិធានការដាក់កំហិតយ៉ាងណាក៏ដោយក៏ Danmark បដិសេធនៅគំនិតចង់លក់ដូរនេះ ព្រមទាំងដាច់ខាតនៅតែអះអាងថាដែនកោះ Greenland ពុំមែនជាកោះសម្រាប់លក់ឡើយ។

ដល់ឆ្នាំ២០២៤ ក្រោយពីជាប់ឆ្នោតជាលើកទី២ Trump បានរំឭកឡើងវិញនូវសំណើរទាមទាសុំទិញកោះ Greenland សារជាថ្មី ហើយ Danmark នៅតែបន្តការបដិសេធដដែល ប៉ុន្តែមុននេះប៉ុន្មានខែក្នុងការធ្វើសន្និសិតកាសែតមួយនៅ Mar-a-Largo ក្នុងរដ្ឋ Florida លោក Trump បានបង្ហើប នូវលទ្ធភាពក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីកាន់កាប់កោះ Greenland ក្នុងករណីចាំចាច់ដែលទាក់ទងនឹងសន្តិសុខជាតិនោះ។

ដោយឡែកនៅក្នុងសន្និសិតកាសែតមួយនៅថ្ងៃទី០៦ មករា ២០២៦ នៅសេតវិមានថ្មីៗនេះ អ្នកនាំពាក្យ Karoline Leavitt បានអោយដឹងថាលោកTrump ជាច្រើនដងបានអះអាងថាការកាន់កាប់កោះ Greenland គឺជាអាទិភាពក្នុងសន្តិសុខរបស់អាមេរិក ហើយកោះនេះបានដើរតួរយ៉ាងសំខាន់ក្នុងកត្តាស្លាប់រស់ របស់អាមេរិក ក្នុងការទប់ទល់ការពារចំពោះសត្រូវរបស់អាមេរិក នៅម្ដុំតំបន់ប៉ូលខាងជើងនេះ។
ប្រធានាធិបតីក៏ដូចជាក្នុងជួរ រដ្ឋាភិបាលរបស់អាមេរិកបាននិងកំពុងពិភាក្សាលើគ្រប់វិធានការធ្វើយ៉ាងណាដើម្បីសម្រេច បាននូវគោលដៅយុទ្ធសាស្ត្រ ដ៏សំខាន់មួយនេះដែលក្នុងនោះរូមមាន ទាំងវិធានការយោធាទៀតផង ក្នុងការយកកោះ Greenland ឱ្យបាន។

ក្រោយពីការប្រកាសតែងតាំងលោក Jeff Landry ដែរជាទេសាភិបាលរដ្ឋ Louisiana ធ្វើជាបេសកជនពិសេសទទួលបន្ទុកកោះ Greenland មក នៅថ្ងៃទី២២ ខែធ្នូ លោក Trump បានប្រកាសថា សហរដ្ឋអាមេរិកត្រូវការកោះ Greenland ដើម្បីសន្តិសុខជាតិពុំមែនមកពីមានធនធានរ៉ែនៅទីនោះទេ។ អ្នកភូមិសាស្ត្រនយោបាយអន្តរជាតិ បានមើលឃើញបណ្ដាសកម្មភាពដ៏មុះមុតរបស់អ្នកកាន់អំណាចអាមេរិក ពេលនោះបានខិតខំប្រឹងប្រែងប្រែក្លាយ Greenland ពីទឹកដីស្វ័យភាពរបស់ Danmark អោយក្លាយទៅជាផ្នែកណាមួយនៃដែនដីរបស់អាមេរិកអោយបាន។
ពិភពលោកបានបោះជំហ៊ានទៅកាន់សករាជថ្មីមួយ នៅពេលដែលពួកប្រទេសធំៗ ដែលជាមហាអំណាចរបស់ពិភពលោក ជាពួកប្រទេសដែលកាន់ជញ្ជីងយុត្តិធម៌ក្នុងច្បាប់អន្តរជាតិ បានប្រែក្លាយទៅជាពួកប្រទេសលែងគាំទ្រច្បាប់ និងស្វែងរកផលប្រយោជន៍ដោយធ្វើការផ្លាស់ប្ដូរ អធិបតេយ្យភាព បូរណភាពទឹកដី តាមរយៈកម្លាំងបាយទៅវិញ។
ជាប្រទេសត្រូវបានស្គាល់ក្នុងពិភពលោក Danmark បានសម្ដែងនូវការជំទាស់យ៉ាងខ្លាំង នៅពេលដែល Trump បានជ្រើសតាំងបេសកជនពិសេសទទួលបន្ទុកការងារ Greenland ដោយមិនបានសួរយោបល់ណាមួយពី Danmark ហើយ Danmark បានចាត់ទុកនេះជារឿងមួយដ៏កំរោលជាន់ឈ្លី មកលើច្បាប់អន្តរជាតិ រហូតដល់ Danmark បានកោះហៅលោក Ken Howery ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅ Danmark មកពន្យល់បកស្រាយចំពោះករណីនេះនៅក្រសួងការបរទេស Danmark ។

លោក Mare Jacobsen អ្នកជំនាញការជាន់ខ្ពស់នៃសន្តិសុខប៉ូលខាងជើងរបស់ Danmark បានធ្វើការសន្និដ្ឋាន ថាការជ្រើសតាំងលោក Landry ធ្វើជាបេសកជនពិសេស និងការតែងតាំងលោក Thomas Dans ធ្វើជាប្រមុខគណៈកម្មធិការសិក្សាស្រាវជ្រាវ តំបន់ប៉ូលខាងជើង របស់អាមេរិកគឺជា ការអះអាងថា រដ្ឋអំណាច Trump បានបោះជំហ៊ានទៅមុខក្នុងការប្ដេជ្ញាចង់កាន់កាប់ Greenland អោយបានដោយមិនខ្វល់អ្វីៗទាំងអស់ នៅតែពេលវេលាប៉ុណ្ណោះ។

អ្វីដែលរដ្ឋការ Trump កំពុងតែធ្វើនៅ Venezuela, Cuba ,Colombia និងនៅ Greenland សុទ្ធតែស្ថិតក្នុងបរិបទនៃនយោបាយ Trump Theory ក្នុងការនាំសហរដ្ឋអាមេរិកវិលមកកាន់ Make America Great Again ក្រោមពាក្យស្លោក America First ទាំងអស់!

នៅក្នុងផែនយុទ្ធសាស្រ្តសន្តិសុខជាតិ របស់អាមេរិកឆ្នាំ២០២៥ បានសង្កត់ធ្ងន់ថា អឌ្ឍគោលខាងលិច (Western Hemisphere) ត្រូវស្ថិតនៅក្រោម អំណាចគ្រប់គ្រង់របស់ អាមេរិក នៅលើផ្នែកនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងយោធា ដែលប្រការមួយនេះ មានរូបភាពមិនខុសអីទៅនឹងគោលនយោបាយ Monroe ដែលបានប្រកាសនៅឆ្នាំ ១៨២៣ ថា ទ្វីបអាមេរិកជាកម្មសិទ្ធិរបស់អាមេរិក ដោយគ្មានប្រទេសណាមួយក្រៅតំបន់នេះមានសិទ្ធចូលមក មានតែអំណាចដាច់មុខរបស់អាមេរិក ក្នុងការរៀបចំចាត់ចែងរបៀបរបប ធ្វើយ៉ាងណាកុំអោយមានការប៉ះពាល់សន្តិសុខ និងផលប្រយោជន៍របស់អាមេរិកនៅទីនេះតែមួយគត់។

នៅក្នុងឯកសារមួយនេះ អាមេរិកបានលើកឡើងនៅគោលដៅសំខាន់មួយចំនូន ដូចជា៖
ក) រក្សាតំបន់មូយនេះ ឲមានស្ថេរភាព ក្នុងកម្រិតមូយដើម្បី ជៀសកុំឲមានកើតឡើងចរន្តជនចំណាក់ស្រុក ចូលមកក្នុងទឹកដីអាមេរិក។
ខ) បង្ខំអោយ រដ្ឋាភិបាល ទាំងអស់នៅក្នុងតំបន់នេះត្រូវរួមសហការក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងការរត់ពន្ធគ្រឿងញាន និងឧក្រិដ្ឋកម្មឆ្លងដែន។
គ) មិនអនុញាត្តិឲគូបដិបក្ខពីខាងក្រៅ (សំដៅមកលើចិន រុស្សី និង អ៊ីរ៉ង់) ចូលមកក្នុងតំបន់នេះ កសាងមូលដ្ឋានយោធា កសាងកំពង់ផែ ឬទិញ-ដូរវត្ថុធាតុដើមដែរមានចរិតយុទ្ធសាស្រ្ត។
ឃ) ធានានិងអះអាងជានិច្ច ជាមួយក្រុង Washington តែមួយគត់ដែលមានសិទ្ធិពិសេសក្នុងការ ចេញ-ចូល ជួបប្រាស្រ័យទៅនឹងទីតាំង តំបន់ទាំងនេះ រួមទាំងវត្ថុធាតុដើមពេលណាក៏បាន។
ការវាយឆ្មក់ចូល រដ្ឋធានី Caracas ចាប់ខ្លួន Maduro គឺជាប្រធានបទនយោបាយមួយនា ដើមឆ្នាំ២០២៦ ដែលមុននេះអាមេរិកធ្វើត្រឹម ហ៊ុំព័ត្រ សេដ្ឋកិច្ច ដាក់ទណ្ឌកម្មការទូត តែឥលូវនេះអាចឈានទៅដល់ការធ្វើអន្តរាគមន៍ជាយោធាទៀតផង ។ ក្រោយពីការចាប់ខ្លួនលោក Maduro អាចជាសា៣ដែល Trump ពេញចិត្តក្នុងការផ្ញើជូនសាធារណមតិ អាមេរិកបានជ្រាបថា៖

- ចំពោះពលរដ្ឋអាមេរិក គឺ Trump បានប្លន់យកសម្បត្តិធម្មជាតិខាងក្រៅមកជូនប្រជាជនអាមេរិកដោយមិនចាំចាច់ ចំណាយលុយទៅធ្វើសង្គ្រាម ដែលមានទីតាំងនៅដាច់ស្រយាលពីអាមេរិក ដូចជានៅ Iraq, Afghanistan ។ល.ល….។
- ចំពោះរបបនយោបាយដែលប្រឆាំងអាមេរិកនៅក្នុងតំបន់ ត្រូវដឹងថាគ្មានប្រទេសណាមួយ គ្មានបុគ្គលណាដែលមិនអាចបំពាបំពានបានឡើយ សូម្បីតែប្រទេសឬបុគ្គលមាន អធិបតេយ្យភាព មានអភ័យឯកសិទ្ធិដាច់មុខ ក៏អាមេរិកចាត់ការរំលោភបានដែរ។
- ចំពោះចិននិងរុស្សី ត្រូវដឹងថាតំបន់នេះជាផ្ទះបាយរបស់អាមេរិក សូមកុំមកកសាងមូលដ្ឋាន កំពង់ផែរ វាលយន្តហោះ។ល។ ដោយទីនេះ លែងមានសុវត្ថិភាពសម្រាប់ចិននិងរុស្ស៊ី ទៀតហើយ (sic) ។
Greenland ជាតំបន់មួយដែលមិនអាចខ្វះបានក្នុងយុទ្ធសាស្ត្រ ផលប្រយោជន៍យូរអង្វែងរបស់អាមេរិក។ Greenland មានទីតាំងមួយសំខាន់ដោយស្ថិតនៅច្រកទ្វាចេញ-ចូល នៃផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុត និងក៏ជាតំបន់សមុទ្រដែលមានការប្រកួតប្រជែងយ៉ាងតឹងរឹងបំផុត រវាងអាមេរិក រុស្សី និងចិន នៅពេលខាងមុខ។
យុទ្ធសាស្ត្រស្ងាត់ស្ងៀមរបស់ចិននៅតំបន់ Greenland ៖ ជាការពិតមកដល់ពេលនេះចិនហាក់បីដូចជាគ្មានសំណូមពរណាមួយទាក់ទងដល់ដែនអធិបតេយ្យភាពរបស់ Greenland ចិនក៏គ្មានការបណ្ដាក់ទុនដ៏ធំដុំណាមួយមកលើ Greenland ហើយក៏គ្មានមូលដ្ឋានយោធាណាមួយនៅទីនេះផងដែរ ។ក៏ប៉ុន្តែក្នុងរយៈពេលជិតមួយទស្សវត្សន៍នេះ ចិនបានយកចិត្តទុកដាក់មកលើតំបន់នេះដោយចាត់ទុក Greenland ជាច្រកចូលក្នុងតំបន់ North Pole ជាទីតាំងមួយមានសារៈសំខាន់តាំងយុទ្ធសាស្ត្រថ្មីអាកាសធាតុ សេដ្ឋកិច្ច រួមទាំងភូមិសាស្ត្រនយោបាយ។ ពាក់ព័ន្ធដល់ Greenland ចិនមានជំហរមានលក្ខណៈជាវិទ្យាសាស្ត្រសង្គម ដោយចិនយកចិត្តទុកដាក់ខ្លាំងមកលើការសិក្សាវិទ្យាសាស្ត្រនៃបាតុភូតឡើងកម្ដៅរបស់ផែនដី និងកិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធដល់អាកាសធាតុនិងបរិស្ថាននៅក្នុងតំបន់ North Pole មួយនេះ។

យុទ្ធសាស្ត្ររបស់រុស្សីនៅក្នុងតំបន់ Greenland ៖ នៅក្នុងតំបន់ចន្លោះសមុទ្រ រវាង Greenland Iceland និងអង់គ្លេស ដែលពួកយោធានិយមហៅតំបន់នេះថា “GIUK Gap” គឺនាវាចម្បាំងរបស់រុស្សីតែងតែមានមុខនៅទីនេះជាប្រចាំ។ ប៉ុន្តែចាប់តាំងពីមានជម្លោះប្រដាប់អាវុធជាមួយ Ukraine មក រុស្សីហាក់បីបានពង្រឹងកងជើងទឹកខាងជើង បន្តកាន់កាប់មូលដ្ឋានជើងទឹកចាស់ទាំង៧កន្លែងរបស់សូវៀត ឡើងវិញ បង្កើនការយាមត្បាតនាវាមុជទឹកច្រើនឡើងដោយពួកយោធាបានចាត់ទុកតំបន់ GIUK Gap នេះមានសណ្ធានដូចកដប។

នណាគ្រប់គ្រងបានតំបន់ GIUK Gap ប្រៀបបានដូចជាការត្រួតត្រាបានច្រកទ្វាចេញចូលពីប៉ូលខាងជើងទៅកាន់សមុទ្រ Atlantic។ ក្រោយពីមានឧបទ្វហេតុនយោបាយនៅ Venezuela មក ឈានទៅដល់ការសន្និដ្ឋានមួយថា ទីកន្លែងដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ មានទីតាំងភូមិសាស្ត្រល្អ និងការរក្សាលំនឹងតុល្យភាពកម្លាំងគឺមានកត្តាស្លាប់រស់ ដោយ៖
- ភូមិសាស្ត្រនយោបាយតែងតែមានការប្រែប្រួល មិត្តថ្ងៃនេះជាសត្រូវថ្ងៃស្អែក
- សម្បត្តិធម្មជាតិជាឧបករណ៍អំណាច៖ អ្នកណាគ្រប់គ្រងបានប្រភពផ្គត់ផ្គង់យុទ្ធសាស្ត្រអ្នកនោះជាអ្នកកំណត់វាសនាអនាគត់នៃឧស្សាហ បច្ចេកវិទ្យាពិភពលោក
- អាកាសធាតុ និងឧស្សាហកម្មជាអ្នកគូរផែនទីពិភពលោកឡើងវិញ៖ ដូចករណីផ្ទាំងទឹកកករលាយនៅប៉ូលខាងជើង បានធ្វើអោយមានផ្លូវនាវាចរណ៍ថ្មីមួយ ឧស្សាហបច្ចេកទេស ឬការប្រែប្រូលធម្មជាតិសុទ្ធតែដើរតួរក្នុងការបង្កើតឱ្យមានចំណុចក្ដៅក្នុងអំណាចថ្មី។
- សម្ព័ន្ធភាពនៅមិនគ្រប់គ្រាន់បើខ្វះភាពឯករាជ្យម្ចាស់ការ៖ Danmark ទោះបីជាសមាជិករបស់ NATO ក៏ដោយ ក៏នៅត្រូវរងការគៀបសង្កត់ពីអាមេរិក ប្រការនេះបញ្ជាក់អោយឃើញថាទោះបីស្ថិតក្នុងសម្ពន្ធមិត្តក៏ដោយ តែការគ្រប់គ្រងកម្លាំងពិតទើបជាកត្តាស្នូលក្នុងការតតាំងទៅនឹងការគំរាមកំហែងមកពីខាងក្រៅ។
- សេដ្ឋកិច្ចជាតថភាពក្រោយ៖ ព្រោះនយោបាយអាចផ្លាស់ប្តូរប្រែប្រូលក្នុងមួយយប់ តែការកសាងរុករករ៉ែនៅប៉ូលខាងជើងឬការអភិវឌ្ឍឧស្សាហបច្ចេកទេសទំនើបក្នុងស្រុកទើបទាមទារឱ្យមាន រយៈពេលរាប់សិបឆ្នាំ។
Greenland៖ មិនត្រឹមតែជាកោះទឹកកក តែជាទីកន្លែងប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នា ហើយប្រទេសតូចត្រូវរៀនរបៀបឈរឱ្យរឹងមាំ នៅចំពោះមុខនៃព្យុះសង្ឃរា ក្នុងសករាជនៃសតវត្សន៍ទី២១នេះ៕

ដោយ៖ លោក ហើស សិរីធន់ អ្នកសិក្សាស្រាវជ្រាវភូមិសាស្រ្តនយោបាយ
