ព័ត៌មានជាតិ

បច្ច័យចំនួន១២លានរៀល ត្រូវបាន លោកឧកញ៉ា នៅ គន់ ព្រមទាំងកូនចៅ ឧបត្ថមកសាងសមិទ្ធិផលនានាក្នុងវត្តឧទុម្ពរ (ហៅវត្តល្វា) ក្នុងស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោកឧកញ៉ាអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់អង្គ និងឆ្លងសមិទ្ធិផលនានា នៅក្នុង វត្តឧទុម្ពរ (ហៅវត្តល្វា) ស្ថិតនៅភូមិល្វា ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួម ពីលោក គន់ រ័ត្នមុនី អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ (ជាបុត្របង្កើតរបស់លោកឧកញ៉ាមហាឧបាសកផ្ទាល់) ព្រមទាំងប្អូនៗកូនចៅ ពុទ្ធបរិស័ទចំណុះជើងវត្ត និងញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងពិធីនេះ លោកឧកញ៉ាមហាឧបាសក បានមានប្រសាសន៍ថា ការបំពេញនៅបុណ្យកុសល្យ ក្នុងឱកាសពិធីបុណ្យកាន់អង្គនេះ គឺរូបលោកឧកញ៉ាមហាឧបាសក រួមនឹងកូនចៅទាំងអស់ មានសេចក្តីជ្រះថ្លា និងមើលឃើញពីទុក្ខលំបាករបស់ព្រះសង្ឃដែលគង់ក្នុង វត្តឧទុម្ពរ (ហៅវត្តល្វា) ដែលខ្វះខាតក្នុងការកសាងសមិទ្ធិក្នុងវត្ត ដូចនេះទើបកើតចិត្តចង់ជួយឧបត្ថមដល់ព្រះភិក្ខុសង្ឃ ក៏ដូចជាបានបំពេញនៅកុសល្យផលបុណ្យផងដែរ។

លោកឧកញ៉ាមហាឧបាសក បន្តថាការកសាងសមិទ្ធិផលក្នុងអារាមនេះ គឺជាការដាំដើមឈើនៃបុណ្យកុសល្យ ដែលផ្តល់នៅម្លប់ត្រជាក់ដល់កូនចៅយើងរាប់ជំនាន់ទៅមុខទៀត។

នាឱកាសនោះផងដែរ លោកឧកញ៉ាមហាឧបាសក ព្រមទាំងប្អូនៗកូនចៅ និងពុទ្ធបរិស័ទទាំងអស់ បានធ្វើការដង្ហែរក្បួនកាន់អង្គនិងទស្សនាការរាំរបាំជូនពរ និងកាត់ខ្សែបូ ឆ្លងសមិទ្ធិផលនានាក្នុងវត្ត និងចូលរួមពិធីរាប់បាត្រព្រះសង្ឃ ដែលដឹកនាំដោយព្រះមធុរធម្មរង្សី សុវណ្ណចន្ទត្ថេរោ វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំផងដែរ។

គូសបញ្ជាក់បន្ថែមថា៖ លោកឧកញ៉ាមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ និងមហាឧបាសិការពុទ្ធសាសនូបត្ថម្ភន៍ សៅ វណ្ណា រួមទាំងប្អូនៗកូនចៅទាំងអស់បានចូលរួមឧបត្ថមក្នុងការកសាងសមិទ្ធិផលក្នុងវត្តឧទុម្ពរ (ហៅវត្តល្វា) មានបច្ច័យចំនួន១២លានរៀល ទុកសម្រាប់ជាទ្រព្យកំណប់បុណ្យកុសល្យ និងបានជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងអ្នកជំនាន់ក្រោយ៕

ដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top