បរទេស៖ បន្ទាប់ពីការធ្វើបាតុកម្មទ្រង់ទ្រាយធំអស់រយៈពេលជាងមួយសប្តាហ៍មក រដ្ឋធានីអាមេរិកមានការភ្ញាក់ផ្អើលជាមួយកងទ័ពឆ្មាំជាតិរាប់ពាន់នាក់ និងមានសំភារៈយោធាជាច្រើន។ នៅជុំវិញទីក្រុងមានយន្តហោះស៊ើបការណ៍ និងយន្តហោះគ្មានមនុស្សបើក, យន្តហោះ tilt-rotor និងសូម្បីតែឧទ្ធម្ភាគចក្រត្រួតពិនិត្យនុយក្លេអ៊ែរ ក៏មានផងដែរ។ ទោះយ៉ាងណាការដាក់ពង្រាយទ្រង់ទ្រាយធំធ្វើឡើងនៅថ្ងៃមួយនៃការតវ៉ាដោយសន្តិវិធីបំផុត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីការធ្វើបាតុកម្មទ្រង់ទ្រាយធំរយៈពេល ៥ ថ្ងៃនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលីសទៅលើបុរសជនជាតិនៅរដ្ឋ Minnesota គឺលោក George Floyd កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានបង្ហាញនូវកម្លាំងដែលមិនធ្លាប់មានពីមុនមក ដោយការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ និងសូម្បីតែការតវ៉ាដោយសន្តិវិធីកាន់តែច្រើនកើតមានឡើងបន្ទាប់ពីកុបកម្ម និងការលួចប្លន់។
យន្ដហោះស៊ើបការណ៍មួយឈ្មោះថា Swearingen RC-26B របស់ឆ្មាំជាតិត្រូវបានគេប្រទះឃើញពាសពេញទីក្រុងកាលពីយប់ថ្ងៃអង្គារដូចជាឧទ្ធម្ភាគចក្រ Bell 412 ពិសេសមួយដែលបំពាក់ដោយទីភ្នាក់ងារសន្តិសុខនុយក្លេអ៊ែរជាតិ (NNSA) ដើម្បីតាមរក ទាក់ទងនឹងវិទ្យុសកម្ម ដោយអាវុធនុយក្លេអ៊ែរ។
ក្រុមមន្រ្តីការពារជាតិភ័យខ្លាចការប្រើប្រាស់គ្រាប់បែកកខ្វក់មួយ។ របាយការណ៍ដែលមិនបានបញ្ជាក់ពីសកម្មភាពរបស់យន្តហោះគ្មានមនុស្សបើកនៅទូទាំងទីក្រុងបានលេចចេញនៅលើបណ្តាញសង្គម ហើយនៅថ្ងៃពុធក្រុមអ្នកសង្កេតការណ៍ក៏បានប្រទះឃើញយន្ដហោះ Tiltrotor V-22 Osprey ដែលត្រូវបានប្រើដោយកងម៉ារីនអាមេរិកសម្រាប់ដឹកជញ្ជូនកងទ័ព៕