ព័ត៌មានជាតិ

មិត្តចិន បង្ហាញការគាំទ្រ លើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន នៅរាជធានីភ្នំពេញ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រ លើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស ។ នេះបើយោងតាមសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ។

ក្នុងនោះ លោក ទៀ សីហា ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជំរុញទំនាក់ទំនង យុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្ត ផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំ កសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

លោក ទៀ សីហា បញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេ នូវគោលការណ៍ចិនមួយ ៕

To Top