ក្រុមហាម៉ាស់ ចោទប្រកាន់ក្រុមប្រឹក្សាសន្តិភាព ថាបរាជ័យក្នុងការបង្ខំអ៊ីស្រាអែលឱ្យបញ្ឈប់ការរំលោភបំពាន
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានចោទប្រកាន់ «ក្រុមប្រឹក្សាសន្តិភាព» ដឹកនាំដោយសហរដ្ឋអាមេរិកថា បរាជ័យក្នុងការបង្ខំអ៊ីស្រាអែលឱ្យបញ្ឈប់ការរំលោភបំពានច្បាប់មនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីជនជាតិប៉ាឡេស្ទីន ៥នាក់ រួមទាំងកុមារ ៣នាក់ ត្រូវបានសម្លាប់នៅភាគខាងជើងនៃទឹកដីនេះកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់ លោក Hazem Qassem បានឧ្យដឹងថា ឧប្បត្តិហេតុនេះ «បង្ហាញពីការបរាជ័យកាន់តែខ្លាំងឡើង» របស់ស្ថាប័ននេះ ក្នុងការបង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់ការរំលោភបំពាន ឬបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយហៅវាថាជាភស្តុតាងបន្ថែមទៀតនៃសង្គ្រាមសម្លាប់រង្គាល ដែលកំពុងបន្ត។
លោកបានជំរុញឱ្យអ្នកសម្របសម្រួល អ្នកធានាបទឈប់បាញ់ និងអ្នកចូលរួមក្រុមប្រឹក្សាឱ្យទទួលខុសត្រូវ និងដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់សកម្មភាពយោធារបស់ខ្លួន។
ភាពតានតឹងនៅតែបន្តកើតមាន ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ ជាមួយនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលជាបន្តបន្ទាប់ និងជម្លោះលើការអនុវត្តបទប្បញ្ញត្តិសំខាន់ៗ រួមទាំងការផ្តល់ជំនួយមនុស្សធម៌ និងការដកទ័ពចេញ។
បទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី១០ ខែតុលា។ ដំណាក់កាលដំបូងរបស់វារួមមាន ការដោះដូរអ្នកទោស និងអ្នកជាប់ឃុំឃាំង ការចូលជំនួយមនុស្សធម៌ និងការដកទ័ពដោយផ្នែករបស់អ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា
