ព័ត៌មានជាតិ

២៧ ឆ្នាំ កម្ពុជា ចូលជាសមាជិក អាស៊ាន

ភ្នំពេញ ៖ ក្នុងខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន ចាប់ពីថ្ងៃទី៣០ មេសា ១៩៩៩ ដល់ថ្ងៃ៣០ មេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កម្ពុជា បានសម្តែងការអបអរសាទរ ចំពោះសមិទ្ធផលក្នុងរយៈពេល២៧ឆ្នាំមកនេះ ។

បន្ទាប់ពីការសម្រេចបាននូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ កម្ពុជា បានចូលជាសមាជិកទី១០ នៃអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

ជាមួយនឹងការអបអរសាទរខួបលើកទី២៧ឆ្នាំនេះ សូមរំឭកនូវប្រសាសន៍របស់សម្តេចតេជោ ដែលជាអ្នកគូសវាសទិសដៅនៃវត្តមានកម្ពុជា ក្នុងអាស៊ានថា “ការចូលជាសមាជិក អាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់កម្ពុជា”។ នាពេលនោះ បរិបទនយោបាយ អន្តរជាតិពិតជាស្មុគស្មាញ។

បើតាមសម្តេចតេជោ ការសម្រេចចិត្តចូលរួមជា សមាជិកអាស៊ាននាពេលនោះ ផ្អែកលើមូលហេតុសំខាន់ ៤ គឺ៖ គោលការណ៍មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសសមាជិក , ស្មារតីសហគមន៍ ជាការធ្វើការដោយគោរពគោល ការណ៍កុងសង់ស៊ីស , ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈសមាហរណកម្មតំបន់ និងច្រកទ្វារ នៃកាលានុវត្តភាពការទូតរបស់កម្ពុជា។

យ៉ាងណាក៏ដោយកម្ពុជា ក៏មិនភ្លេចអំពីការចូលរួមចំណែកយ៉ាងសំខាន់ របស់អាស៊ាននៅក្នុងការកសាងសន្តិភាពរបស់កម្ពុជា ទាំងមុនពេលកម្ពុជា ចូលជាសមាជិកអាស៊ាន។ កម្ពុជា បានចាកចេញពីភាពឯកោ និងផ្សារភ្ជាប់ជាមួយអាស៊ាន ឈានទៅរកការទទួលស្គាល់ស្មើមុខ ស្មើសិទ្ធិ និងការគោរពពេញលេញលើឯករាជ្យ អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងកិត្យានុភាព ក្នុងនាមជាប្រជាជាតិមួយនៅក្នុងតំបន់។

សូមបញ្ជាក់ថា ២៧ ឆ្នាំកន្លងមកនេះ កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម និងមោះមុត ដោយបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានចំនួន ៣ លើក គឺនៅឆ្នាំ២០០២ , ២០១២ និង២០២២ និងព្រឹត្តិការណ៍កំពូលពាក់ព័ន្ធជាច្រើនទៀត រួមទាំងការគាំទ្រដល់សមាជិកភាពរបស់ប្រទេសទីម័រឡេស្តេ៕

To Top