ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា និងវិទ្យាស្ថានបណ្ឌិត្យសភា​បច្ចេកវិទ្យាឌីជីថលកម្ពុជា រៀបចំវេទិកាពិភាក្សាអំពីឥទ្ធិពល AI និងក្រមសីលធម៌​ក្នុងវិស័យសារព័ត៌មាន

ភ្នំពេញ ៖​​ ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានរៀបចំវេទិកាពិភាក្សាមួយ ស្តីពីឥទ្ធិពល នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន ក្រោមការសហការជាមួយវិទ្យាស្ថានបណ្ឌិត្យសភាបច្ចេក វិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់ លោក លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ។

ចំណុចសំខាន់នៃវេទិកាកិច្ចពិភាក្សាក្រោមប្រធានបទ «ការប្រើប្រាស់ AI ជាប្រយោជន៍ក្នុងការងារសារព័ត៌មាន ដែលមានវាគ្មិនកិត្តិយសចូលរួមរួមមានលោកបណ្ឌិត សេង សុភាព ប្រធាន CADT លោកស្រី ង៉ូវ សុភ័ណ្ណារឿន អភិបាលសារព័ត៌មានកោះសន្តិភាព លោក ហេង សុវណ្ណ ប្រធាននាយកដ្ឋានព័ត៌មាន AMS ក្រោមកិច្ចពិភាក្សា ត្រូវបានសម្របសម្រួលដោយ កញ្ញា គុជ ណារ៉ែន និពន្ធនាយកកោះសន្តិភាពឌីជីថល។

នៅក្នុងយុគសម័យ ដែលបច្ចេកវិទ្យាឌីជីថលកំពុងបោះជំហានយ៉ាងលឿន «បញ្ញាសិប្បនិម្មិត» ឬ AI បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាចំណុចរបត់ថ្មីមួយសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសហគ្រិន។ ដើម្បីឆ្លើយតប នឹងបញ្ហានេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាសារព័ត៌មាន ដ៏ស៊ីជម្រៅមួយ ក្រោមប្រធានបទ៖ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ ៖ តើយើងត្រូវដើរ ទៅមុខដោយរបៀបណា?»។
បច្ចុប្បន្នការប្រែប្រួល នៃប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមតែផ្ដល់នូវភាព ងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏បាននាំមកនូវ បញ្ហាប្រឈមថ្មីៗជាច្រើនដល់ វិស័យសារព័ត៌មាន ដូចជា÷ ការរក្សានូវតម្លាភាព ភាពត្រឹមត្រូវ និងក្រមសីលធម៌ ចំពោះមុខព័ត៌មាន ដែលបង្កើតឡើងដោយ AI និងវិស័យធុរកិច្ច ការប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយមិនប៉ះពាល់ ដល់តម្លៃមនុស្សជាតិ ។

វេទិកានេះត្រូវបានរៀបចំឡើង ​ក្នុងគោលបំណងបើក ផ្លូវឱ្យវាគ្មិនជំនាញ និងអ្នកសារព័ត៌មាន បានជួបជជែកពិភាក្សាគ្នា​ដោយផ្ទាល់អំពី ស្ថានភាពទូទៅ នៃវិស័យសារព័ត៌មាន ក្នុងយុគសម័យឌីជីថល, តួនាទីដ៏សំខាន់ របស់អ្នកសារព័ត៌មាន និងធុរកិច្ចជន ក្នុងការសម្របខ្លួនជាមួយបច្ចេកវិទ្យា, ការកំណត់ព្រំដែននៃការប្រើប្រាស់ AI ឱ្យមានប្រយោជន៍ដល់សង្គម ជាជាងការបង្កផលវិបាក ៕

To Top