មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ ណែនាំដល់កងទ័ព ត្រូវគោរពវិន័យ និងមានការតាំងចិត្តខ្ពស់ ព្រោះជាសសរទ្រូងនៃភាពជោគជ័យ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំង២០២៦ ខណៈដឹកនាំកម្លាំងទ័ពគោរពទង់ជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានមានប្រសាសន៍ណែនាំដល់កងទ័ព ទាំងអស់គ្នា ត្រូវតែគោរពវិន័យឲ្យបានម៉ឺងម៉ាត់ និងមានការតាំងចិត្តខ្ពស់ ព្រោះកត្តាទាំងនេះគឺជាសសរទ្រូងនៃភាគជោគជ័យ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទូទាំងកង ពលត្រូវយកចិត្តទុកដាក់អនុវត្តខ្ពស់នូវច្បាប់អនុក្រឹត្យស្ដីពី បទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ ឱ្យបានប្រសើរ។ វិន័យ និងការតាំងចិត្ត គឺ ជាសសរទ្រូងនៃភាពជោគជ័យ ការងារទោះតូចឬធំ សុទ្ធតែមានតម្លៃ ប្រសិនបើយើងធ្វើវា ដោយបេះដូង និងការទទួលខុសត្រូវ រាល់ការលំបាកក្នុងថ្ងៃនេះ គឺជាមេរៀនសម្រាប់ភាពរឹងមាំក្នុងថ្ងៃស្អែក។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា បើទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ កងទ័ពដឹកជញ្ជូនយើងនៅបន្តភារៈកិច្ចជូនជាតិមាតុភូមិ ដោយភាពអត់ធ្មត់ និងមុះមុត កងយោធពលខេមរភូមិន្ទ គ្រប់រូបត្រូវយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ត្រូវហ៊ានធ្វើពលីកម្មគ្រប់ បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ការពារសេចក្ដីសុខជូនប្រជាជន។

នាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់បានយកចិត្តទុកដាក់ស្ដាប់ នូវបទបញ្ជារបស់ឯកឧត្តម មេបញ្ជាការកងពល ដើម្បីអនុវត្តឱ្យបានល្អប្រសើរនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដែលក្រសួងការពារជាតិកំណត់៕




