កម្ពុជា បណ្ដេញជនជាតិចិន ១៦៦នាក់ទៀត ពាក់ព័ន្ធ Online Scams ចេញពីប្រទេស
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើប អង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិន សរុបចំនួន ១៦៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញ ចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិតេជោ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្ដេញចេញជនជាតិបរទេស ខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹង ប្រែងបោសសំអាត និង លុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធ បច្ចេកវិទ្យាដែលកើតមានក្នុង ព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ។
ជាពិសេសចំពោះ មេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះ ដល់ជនរងគ្រោះ ដែលត្រូវមេខ្លោងបោក បញ្ឆោតឱ្យមកធ្វើការក្នុង សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ ទៅប្រទេសរបស់ខ្លួនវិញ៕

