អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងជួយរុះរើ និងជួសជុលផ្ទះពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ជាង ៥០ខ្នង នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងជួយរុះរើ និងជួសជុលផ្ទះប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ជាង ៥០ខ្នង នៅក្រុងសិរីសោភ័ណ កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។

លោក អ៊ុំ រាត្រី ក៏បានណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលតែងតែកើតមានឡើង ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម បណ្តាលឱ្យប៉ះពាល់ទ្រព្យសម្បត្តិ ផ្ទះសំបែង និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន ត្រូវដាំកូនឈើឱ្យច្រើនទៅតាមលទ្ធភាពអាចធ្វើទៅ បានដើម្បីបញ្ចៀសនូវតុភូតធម្មជាតិផ្សេងៗ។

សមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រសង្កាត់ម្កាក់ បានបណ្ដាលឱ្យបើកដំបូលផ្ទះចំនួន ៥៣ខ្នងផ្ទះ។ ក្នុងនោះដែរ លោក អភិបាលខេត្ត ក៏បានជួយជាស័ង្កសីសម្រាប់ជួសជុលផ្ទះប្រជាពលរដ្ឋជាង ៧០០សន្លឹក៕






