ព័ត៌មានជាតិ

កម្ពុជា ត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មី ខណៈអ្នកគេចវេស ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ភ្នំពេញ ៖ កម្ពុជាត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មីគឺបុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច២៤ខែ ហើយអ្នកគេចវេស អាចប្រឈមទោស ជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ។

នេះជាខ្លឹមសារ ក្នុងកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” រវាង គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយលោក កែប ជុតិមា ប្រធានគណៈកម្មការ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ។

សេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ត្រូវបានបង្កើតឡើងក្នុងគោលដៅពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនខ្មែរគ្រប់ ។

សេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” បានកំណត់លក្ខខណ្ឌអាយុ និងភេទ៖ ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ គឺជាមុខសញ្ញាចាំបាច់ដែលត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេល ២៤ ខែជាកំហិត (អាចបន្តបាន ៦ ខែក្នុងករណីចាំបាច់បំផុត)។
ករណីសញ្ជាតិទ្វេ៖ បុគ្គលដែលមានសញ្ជាតិច្រើន ប៉ុន្តែរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវមានកាតព្វកិច្ចចូលបម្រើកងទ័ពដូចប្រជាពលរដ្ឋទូទៅដែរ។ ចំពោះការស្ម័គ្រចិត្តចំពោះស្ត្រី ៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្ត ឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ សម្រាប់ការលើកលែង ៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បុព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ ។

ទោសប្បញ្ញត្តិ និងអត្ថប្រយោជន៍ ៖ ដើម្បីធានានូវស័ក្តិសិទ្ធភាពនៃច្បាប់បុគ្គលដែលគេចវេសអាចប្រឈមនឹងការផាកពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារចាប់ពី៦ ខែ រហូតដល់ ៥ ឆ្នាំ អាស្រ័យលើស្ថានទម្ងន់ទោស និងកាលៈទេសៈជាក់ស្តែង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានគិតគូរពីអត្ថប្រយោជន៍សម្រាប់អ្នកបញ្ចប់កាតព្វកិច្ចរួមមាន ៖ អាទិភាពក្នុងក្របខ័ណ្ឌការងាររដ្ឋ និងឯកជន , ការរក្សាមុខតំណែង និងប្រាក់បៀវត្សរ៍សម្រាប់អ្នកមានការងារស្រាប់ ,ការអនុញ្ញាតឱ្យចូលរៀនវិញដោយរក្សាលទ្ធផលសិក្សាចាស់ ព្រមទាំងទទួលបានរបបស្បៀង និងប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលបំពេញការងារជាដើម។

លោក កែប ជុតិមា មានប្រសាសន៍សង្កត់ធ្ងន់ថា «រដ្ឋសភា និងរាជរដ្ឋាភិបាលរួមគ្នាធ្វើការងារនេះ ដើម្បីធ្វើយ៉ាងណា ឱ្យសេចក្តីព្រាងច្បាប់នេះ មានគុណភាពខ្ពស់បំផុត និងបម្រើផលប្រយោជន៍ជាតិ ព្រមទាំងប្រជាជនជាធំ»។

នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា ច្បាប់ចាស់ឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់ស្ថានភាពបច្ចុប្បន្នឡើយ។ ការធ្វើបច្ចុប្បន្នភាពច្បាប់នេះ គឺជាការចាំបាច់ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ៕

To Top