ចិនបញ្ជាឱ្យរោងចក្រ ចម្រាញ់ប្រេងក្នុងស្រុក កុំឱ្យអើពើនឹងទណ្ឌកម្ម របស់សហរដ្ឋអាមេរិក
បរទេស ៖ ក្រសួងពាណិជ្ជកម្មចិន បានណែនាំក្រុមហ៊ុនក្នុងស្រុក កុំឱ្យគោរពតាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលកំណត់គោលដៅលើក្រុមហ៊ុន ចម្រាញ់ប្រេងដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយពាណិជ្ជកម្មប្រេងអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថា នៅចុងខែមុន ក្រសួងរតនាគារអាមេរិក បានព្រមានធនាគារកុំឱ្យព្រមព្រៀង ជាមួយរោងចក្រចម្រាញ់ប្រេងដែលហៅថា “កំសៀវតែ” ដែលជាក្រុមហ៊ុនឯកជនដែលខ្លួនបាននិយាយថា មានចំនួនប្រេងភាគច្រើនដែលចិនទិញពីអ៊ីរ៉ង់។ ក្រសួងរតនាគារអាមេរិក បាននិយាយនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា “ប្រាក់ចំណូលនេះផ្តល់អត្ថប្រយោជន៍ដល់របបអ៊ីរ៉ង់ កម្មវិធីអាវុធ និងយោធារបស់អ៊ីរ៉ង់” ។
រដ្ឋាភិបាលចិន និងក្រុមហ៊ុនរដ្ឋធំៗបានបដិសេធការទិញប្រេងឆៅអ៊ីរ៉ង់ដោយផ្ទាល់ ខណៈដែលទិន្នន័យគយមិនបានកត់ត្រាការនាំចូលពីអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ ២០២៣។
ទីក្រុងប៉េកាំងបានអះអាងថា ទណ្ឌកម្មដែលដាក់ដោយគ្មានអាណត្តិរបស់អង្គការសហប្រជាជាតិគឺខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការរឹតបន្តឹងនេះជ្រៀតជ្រែកជាមួយពាណិជ្ជកម្មធម្មតារវាងក្រុមហ៊ុនរបស់ខ្លួន និងភាគីទីបី និងហាមឃាត់ការអនុលោមតាមទណ្ឌកម្ម ដោយលើកឡើងពី “អធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍”។
អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយថា វិធានការនេះនឹងមិនប៉ះពាល់ដល់កាតព្វកិច្ចអន្តរជាតិរបស់ចិន ឬការការពារក្រុមហ៊ុនវិនិយោគបរទេសរបស់ខ្លួនឡើយ។
ប្រែសម្រួលៈ ណៃ តុលា
