សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជា-ថៃ នឹងដឹកដៃគ្នា ទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញ ក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងដឹកដៃគ្នា ទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ បន្ទាប់ពីពេលភាគីថៃ លុបចោល MOU 2001។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង នៅគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយ ស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃ លុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ»។
សម្រាប់ សម្ដេច ដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។
សម្ដេច បំភ្លឺថា គ្មានវឌ្ឍន ភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រី ប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៉ីន ស៉ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?
សម្ដេច បញ្ជាក់បន្ថែមថា ទោះបីថៃ មានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះ នៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាល នាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូន ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាខ្ញុំចំអិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់។
សម្ដេចតេជោ ហ៊ុន សែន ថា «កម្ពុជាធ្វើដំណើរ ទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថា កម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និង សូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួមនិង ក៏សូមកុំបបួលកម្ពុជា រៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគី ។ សង្ឃឹម ថា កម្ពុជា និងថៃ នឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ»៕
