បទវិភាគ ៖ ការទទួលស្គាល់ ចំពោះប្រទេសចិន ឆ្លុះបញ្ចាំងពីការរំពឹងទុក ចំពោះអនាគត
នាពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលជាអង្គភាពស្ទង់មតិ របស់សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍ស្ទង់មតិថ្មីបំផុតមួយច្បាប់ ដែលបានបង្ហាញថា ខណៈពេលលោកត្រាំ ប្រធានាធិបតីអាមេរិកគ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ចំណាប់អារម្មណ៍ល្អ របស់ប្រជាពលរដ្ឋអាមេរិកចំពោះប្រទេសចិនបានកើនឡើង ។

របាយការណ៍ស្ទង់មតិបានប្រកាសថា ចំណាប់អារម្មណ៍ល្អរបស់ប្រជាពលរដ្ឋអាមេរិកចំពោះប្រទេសចិនបានកើនឡើងពី១៤ភាគរយនាឆ្នាំ២០២៣ ដល់២៧ភាគរាយក្នុងឆ្នាំ២០២៦ ។ ចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនរបស់អ្នកផ្តល់បទសម្ភាសន៍ដែលជាសមាជិកបក្សប្រជាធិបតេយ្យបានកើនឡើងពី២១ភាគរយ ដល់៣៤ភាគរយ ។ រីឯចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនរបស់អ្នកផ្តល់បទសម្ភាសន៍ដែលជាសមាជិកបក្សសាធារណរដ្ឋបានកើនឡើងពី៩ភាគរយ ដល់១៨ភាគរយ ។ បើប្រៀបធៀបនឹងក្រុមមនុស្សជរា ក្រុមមនុស្សវ័យក្មេងនិងវ័យកណ្តាលដែលមានអាយុក្រោម៥០ឆ្នាំ មានអាកប្បកិរិយាកាន់តែវិជ្ជមានចំពោះប្រទេសចិន ។
នៅខែមេសា ក្រុមហ៊ុនGallup ដែលជាអង្គភាពស្ទង់មតិរបស់សហរដ្ឋអាមេរិកក៏បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិនៅទូទាំងពិភពលោក ការស្ទង់មតិប្រចាំឆ្នាំលើកនេះ បានគ្របដណ្តប់លើប្រទេសជាង១៣០ និងមានអ្នកចូលរួមប្រហែល១៣ម៉ឺននាក់ ដែលបានបង្ហាញថា នៅឆ្នាំ២០២៥ ការទទួលស្គាល់ចំពោះប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក អត្រាគាំទ្រជាមធ្យមសម្រាប់ភាពជាអ្នកដឹកនាំរបស់ប្រទេសចិនគឺ៣៦ភាគរយ ខ្ពស់ជាងអាមេរិក៥ភាគរយ ។ ក្រុមហ៊ុនGallup បានបកស្រាយជាពិសេសថា ការស្ទង់មតិលើកនេះសម្រេចនៅឆ្នាំ២០២៥ នៅមិនទាន់ដាក់បញ្ចូលព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២៦ ដូចជាអាមេរិកវាយប្រហារទៅលើអ៊ីរ៉ង់ និងអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន៦៦នៅឡើយទេ ។

លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា ក្នុងចំណោមប្រទេសដែលមានការទទួលស្គាល់កាន់តែខ្ពស់ចំពោះប្រទេសចិន មានប្រទេសជាច្រើនមានការទទួលស្គាល់កាន់តែធ្លាក់ចុះចំពោះអាមេរិក ក្នុងនោះបូករួមទាំងសម័្ពន្ធមិត្តរបស់អាមេរិក ដូចជាអង់គ្លេស អេស្ប៉ាញ អ៊ីតាលីនិងអៀរឡង់ជាដើម ។ ទាក់ទិននឹងរឿងនេះ កាសែត The Tribune នៃប្រទេសឥណ្ឌា បានអះអាងថា ការទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំនៅលើពិភពលោករបស់ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក លទ្ធផលនេះបានឆ្លុះបញ្ចាំងពីស្ថានការណ៍ភូមិសាស្ត្រនយោបាយកាន់តែទូលំទូលាយ ប្រទេសនិងតំបន់ជាច្រើន ក្នុងនោះបូករួមទាំងសម័្ពន្ធមិត្តជាប្រពៃណីរបស់អាមេរិក បាននិងកំពុងវាយតម្លៃជាថ្មីម្តងទៀតចំពោះគោលជំហររបស់ខ្លួនក្នុងពិភពលោកដែលមានភាពបែកបាក់គ្នា និងពហុប៉ូលកាន់តែខ្លាំងឡើង ៗ ។
លោក David Gosset ស្ថាបនិកនៃវេទិកាចិន-អឺរ៉ុប និងជាអ្នកផ្តួចផ្តើមគំនិតសកលចិនអឺរ៉ុបនិងអាមេរិកបានលើកឡើងថា ក្នុងបរិបទដែលធ្វើការប្រកួតប្រជែងខាងពាណិជ្ជកម្មនិងរងសម្ពាធពីខាងក្រៅជាបន្តបន្ទាប់ ប្រទេសចិនបានប្រកាន់ខ្ជាប់ការរៀបចំចាត់ចែងពាណិជ្ជកម្មអន្តរជាតិចម្រុះ លំនឹងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ធ្វើឱ្យរចនាសម្ព័ន្ធពាណិជ្ជកម្មរបស់ខ្លួនមានសុក្រឹតភាព ដែលបានបង្ហាញឱ្យឃើញនូវសមត្ថភាពទប់ទល់នឹងហានិភ័យ និងភាពធន់នៃការអភិវឌ្ឍដ៏ខ្លាំងក្លា ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនទទួលបានការរកឃើញថ្មីលើវិស័យបច្ចេកវិទ្យា ដូចជាបញ្ញាសិប្បនិម្មិត ថាមពលថ្មី និងរថយន្តអគ្គិសនីជាដើម ដោយឡែក អំណាចទន់ក៏បានកើនឡើង ដូច្នេះ ភាពទាក់ទាញរបស់ចិនលើឆាកអន្តរជាតិបានកើនឡើងយ៉ាងខ្លាំង ។

ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញទំនាក់ទំនងសង្គម ដូចជាកម្មវិធី rednote ជាដើម ធ្វើឱ្យមនុស្សលោកខាងលិច ជាពិសេសគឺក្រុមមនុស្សវ័យក្មេងអាចយល់ដឹងពីជីវភាពរស់នៅជាប្រចាំរបស់ចិនកាន់តែច្រើនឡើង ។ ព្រមពេលជាមួយគ្នានេះ យោងតាមគោលនយោបាយផ្តល់ងាយស្រួល ដូចជាការលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនជាដើម ធ្វើឱ្យជនបរទេសអាចធ្វើដំណើរ និងទេសចរណ៍កម្សាន្តនៅប្រទេសចិនកាន់តែងាយស្រួល ។ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ១ ឧសភាឆ្នាំនេះ នៅប្រទេសចិន មានភ្ញៀវទេសចរបរទេស យ៉ាងច្រើនដែលគួរឱ្យកត់សម្គាល់ ។ ក្នុងបណ្តាញទំនាក់ទំនងសង្គម អ្នកបង្កើតមាតិការបរទេស ជាច្រើនបានប្រើប្រាស់កាមេរ៉ា បង្ហោះបទពិសោធន៍ពិតៗរបស់ខ្លួនចំពោះប្រទេសចិន ទៅកាន់ពិភពលោក ដែលធ្វើឱ្យអ្នកផងទាំងពួងអាចមើលឃើញប្រទេសចិន ដែលផ្ទុយស្រឡះពីការផ្សព្វផ្សាយរបស់លោកខាងលិច។
ក្នុងពិភពលោក ដែលមានភាពបម្រែបម្រួលយ៉ាងខ្លាំង ប្រទេសចិនបាននិងកំពុងក្លាយទៅជាកម្លាំងមានភាពប្រាកដប្រជាដ៏សំខាន់កាន់តែខ្លាំងឡើងៗ តាមរយៈស្ថិរភាពការអភិវឌ្ឍ និងការបន្តបន្ទាប់របស់គោលនយោបាយរបស់ខ្លួន ។ ម្ខាងគឺការផ្ទុះអាវុធ ការដាក់ទណ្ឌកម្ម និងការដំឡើងពន្ធគយ ហើយម្ខាងទៀតគឺការអភិវឌ្ឍរួមគ្នា និងចែករំលែកឱកាសជាមួយគ្នា ។ តើពិភពលោកត្រូវមានអនាគតយ៉ាងណា បណ្តាប្រទេសនានាកំពុងធ្វើការជ្រើសរើសរបស់ខ្លួន ៕
