អ៊ីរ៉ង់ បញ្ជាក់ថា ចរាចរណ៍នៅច្រកសមុទ្រហ័រមូស នឹងត្រឡប់ទៅរកភាពធម្មតាវិញ គឺពឹងផ្អែកលើការបញ្ចប់សង្គ្រាម ការបិទផ្លូវ និងទណ្ឌកម្ម
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស នឹងវិលមករកភាពធម្មតាវិញ លុះត្រាតែសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ឈប់ជាអចិន្ត្រៃយ៍ ហើយការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងទណ្ឌកម្ម «ខុសច្បាប់» ប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានដកចេញ។
នៅក្នុងលិខិតមួយផ្ញើទៅកាន់អង្គការសហប្រជាជាតិ លោក Araghchi បានរិះគន់សេចក្តីព្រាងសេចក្តីសម្រេចជា «ឯកតោភាគី និងញុះញង់» ដែលបានបង្ហាញដល់ក្រុមប្រឹក្សាសន្តិសុខ ដោយសហរដ្ឋអាមេរិក និងបារ៉ែន អំពីស្ថានភាពនៃច្រកសមុទ្រហ័រមូស នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
សហរដ្ឋអាមេរិក និងរដ្ឋអារ៉ាប់មួយចំនួន បានជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីសេចក្តីសម្រេចថ្មី ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ។
សេចក្តីព្រាងសេចក្តីសម្រេចនេះជំរុញឱ្យអ៊ីរ៉ង់ ក្នុងចំណោមរបស់ផ្សេងទៀត បញ្ឈប់ការវាយប្រហារ ដាក់មីន និងអនុវត្តការបង់ពន្ធលើផ្លូវទឹក។ លោក Araghchi បានសង្កត់ធ្ងន់ថា សេចក្តីព្រាងសេចក្តីសម្រេចនេះមិនបាននិយាយអំពីមូលហេតុចម្បងនៃស្ថានភាពបច្ចុប្បន្ននៅក្នុងច្រកសមុទ្រហ័រមូស នោះទេ គឺ «ការឈ្លានពានផ្នែកយោធា និងការប្រើប្រាស់កម្លាំងខុសច្បាប់» ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
លោកបានបន្ដថា គោលបំណងពិតប្រាកដនៃសេចក្តីព្រាងនេះ គឺដើម្បីបង្ខូចការពិតនៅលើដី និងបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាព «ខុសច្បាប់» កន្លងមក និងបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងឈូងសមុទ្រ និងច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល ឈូក បូរ៉ា
