ឥណ្ឌា ជំរុញឱ្យពលរដ្ឋរបស់ខ្លួន កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងទប់ស្កាត់ការទិញមាស
ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យកាត់បន្ថយការប្រើប្រាស់ ប្រេងឥន្ធនៈដូចជាសាំង និងម៉ាស៊ូត និងជៀសវាងការទិញមាសក្នុងរយៈពេលមួយឆ្នាំខាងមុខ ដើម្បីសន្សំសំចៃអត្រាប្តូរប្រាក់បរទេស។
ថ្លែងទៅកាន់ការជួបជុំសាធារណៈនៅរដ្ឋ Telangana ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃអាទិត្យនាយករដ្ឋមន្រ្ដីឥណ្ឌារូបនេះ ក៏បានថ្លែងផងដែរថា វប្បធម៌ធ្វើការពីផ្ទះគួរតែត្រូវបានលើកទឹកចិត្ត ហើយប្រជាជនត្រូវតែជ្រើសរើសការជិះរថយន្តរួមគ្នាសម្រាប់ការធ្វើដំណើររវាងផ្ទះ និងការិយាល័យរបស់ពួកគេ។
ជាធម្មតា ប្រទេសឥណ្ឌានាំចូលប្រេងឆៅជិត ៨៥ភាគរយនៃតម្រូវការប្រេងឆៅរបស់ខ្លួន ហើយជាប្រទេសនាំចូលមាសធំជាងគេបំផុតមួយរបស់ពិភពលោក។
វិទ្យុ All India បានរាយការណ៍ថា “ការអំពាវនាវ របស់នាយករដ្ឋមន្ត្រីឥណ្ឌា កើតឡើងនៅពេលដែលតម្លៃប្រេង ឆៅសកលបានកើនឡើងពីជិត ៧០ដុល្លារក្នុងមួយបារ៉ែល ដល់ប្រហែល ១២៦ដុល្លារក្នុងមួយបារ៉ែល ដោយសារតែភាពតានតឹងកើនឡើងនៅអាស៊ីខាងលិច និងការរំខាននៅជុំវិញច្រកសមុទ្រហ័រមូស”៕
ប្រែសម្រួល ឈូក បូរ៉ា
