DAP News
ព័ត៌មានជាតិ

៤ខែ មកនេះ អង្គភាពច្រកចេញចូល តែមួយរាជធានី-ខេត្ត ផ្តល់សេវាជូនពលរដ្ឋជាង ២៧ម៉ឺនសេវា

ភ្នំពេញ ៖ រយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ដោយទទួលបានចំណូលសរុបចំនួន ៤៨.៤៥៨.០៣៩.៤៣០រៀល (ស្មើនឹង ១២.១១៤.៥០៩,៨៥ដុល្លារអាម៉េរិក)។

បើតាមរបាយការណ៍អគ្គនាយកដ្ឋាន រដ្ឋបាល ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិស័យទាំង ១៤ប្រភេទសេវានោះ វិស័យផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន៨៨.៤៣៨សេវា បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មាន៨៧.១៩៨សេវា ខណៈសេវាស្នើសុំតិចជាងគេ គឺវិស័យពាណិជ្ជកម្ម ផ្តល់បាន២សេវា។

ជាមួយគ្នានេះ អង្គភាពច្រកចេញចូល តែមួយរាជធានី-ខេត្ត ក៏បានជំរុញការផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ នៅតាមបណ្តាខេត្តគោលដៅចំនួន១២ រួមមាន វិស័យទេសចរណ៍ វប្បធម៌ និងវិចិត្រសិល្បៈ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានចំណូលសរុបចំនួន ៥៤.៤៥០.០០០រៀល។

គួររម្លឹកថា លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ នៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត។ សេវានេះ ក៏អាចស្នើសុំតាមប្រតិបត្តិការជាមួយអេប(APP)គណនីធនាគារបានដែរ៕

To Top