កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តពង្រឹង និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ សិង្ហបុរី
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ សិង្ហបុរី ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។

ក្នុងជំនួបនេះ លោកកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ ទំនាក់ទំនងយ៉ាងជិតស្និទ្ធ សិង្ហបុរី-កម្ពុជា។
លោកឯកអគ្គរដ្ឋទូត ប្តេជ្ញា និងខិតខំជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗជាច្រើន ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ។ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើង អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន៖ ស្បៀងអាហារ និងផលិតផលកសិកម្ម ដោយផ្តោតលើការនាំចេញទៅកាន់ទីផ្សារសិង្ហបុរី, កិច្ចសហប្រតិបត្តិការលើវិស័យឡូជីស្ទីក (Logistics) និងការតភ្ជាប់ (Connectivity), និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ បន្ថែមថា សិង្ហបុរីបានចាត់ទុកថា កម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ជាកម្លាំងពលកម្មដែលមានសក្ដានុពលខ្ពស់ និងមានឱកាសការងារនៅក្នុងប្រទេសសិង្ហបុរី ។ ជាមួយគ្នានេះ, លោក Pang Chee Wee ក៏បានលើកឡើង អំពីការបន្តកិច្ចសហប្រតិបត្តិការ យ៉ាងល្អជាមួយក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការកសាងសមត្ថភាព តាមរយៈការបណ្ដុះបណ្ដាល និងការផ្ដល់ជំនាញ បច្ចេកទេសដល់មន្ត្រីរាជការ នៅតាមបណ្ដាក្រសួងស្ថាប័នរបស់កម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Pang Chee Wee ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ លេីវិស័យ ជាច្រើន នៃប្រទេស ទាំងពីរ និងបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ សិង្ហបុរី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យ TVET , សម្តេចធិបតីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិដ៏ល្អនេះ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំ និងអនុវត្តកម្មវិធី “គន្លងអប់រំថ្មី” ដែលមានគោលដៅតម្រង់ទិសវិជ្ជាជីវៈ និងការសាងជំនាញបច្ចេកទេសដល់យុវជន និងសិស្សនៅវិទ្យាល័យ ទៅតាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួន ដើម្បីឱ្យស្របទៅតាមតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត។

បន្ថែមពីនេះ, សម្តេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពល, សុខាភិបាល, ការអភិរក្សជីវៈចម្រុះ និងទេសចរណ៍បែបធម្មជាតិ ជាដើម ។
សម្តេចធិបតី ក៏បានលើកទឹកចិត្ត ដល់លោកឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បី ជំរុញកិច្ច សហប្រតិបត្តិការ ឱ្យសម្រេចបាននូវសមិទ្ធផល ប្រកបដោយផ្លែផ្កាបន្ថែមទៀត ដែលជាផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

