ព័ត៌មានជាតិ

ត្រីមាសទី១ ក្មេងទំនើងជិត ១ពាន់នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ រយៈពេល ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ២៧៨ករណី ឃាត់ខ្លួនជនបង្កសរុប៩៧៤នាក់ ។ ចំនួននេះ បើធៀបនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំ២០២៥ ថយចុះ ១៣ករណី ខណៈជនបង្កថយចុះ១១៥នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាន នគរបាលជាតិ។

បើតាមរបាយការណ៍ ក្នុងចំណោមក្មេងទំនើងជិត១ពាន់នាក់នោះ សមត្ថកិច្ចបានអនុវត្តវិធានការ ច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចំនួន ៥៤១នាក់។ ចំពោះជនបង្ក៤៣៣នាក់ទៀត ត្រូវបានសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅផ្ទះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីខែមេសា កន្លងទៅ បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាផ្លូវច្បាប់ ដើម្បីបញ្ជូនក្រុមក្មេងទំនើង ដែលបង្កការអុកឡុកសង្គម ឱ្យទៅបម្រើការងារ នៅសមរភូមិមុខ ដើម្បីឱ្យពួកគេដឹងថាជីវិតកងទ័ព និងនគរបាលការពារព្រំដែន ដែលមួយចំនួនក៏ជាយុវជនដូចគ្នានោះ កំពុងធ្វើពលិកម្ម និងប្រឈមគ្រោះថ្នាក់អ្វីខ្លះ ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។

ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ឱ្យអាជ្ញាធរ និងកម្លាំងនគរបាលជាតិ បន្តអនុវត្តវិធានការបង្ក្រាបក្រុមក្មេងទំនើង ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយមកលើជនបង្កឡើយ៕

To Top