ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើតបរិយាកាសវិនិយោគ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាកំពុងបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើត បរិយាកាសវិនិយោគ អំណោយផល និងទាក់ទាញ សំដៅពង្រឹងភាពធន់ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

ការលេីកឡេីងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងឱកាសនៃជំនួប, លោកស្រី Walker បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា មានការរីកចម្រើនលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ក៏មានការវិវឌ្ឍប្រកបដោយភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះរួមមាន មានការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ, ការរៀបចំអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ និងការកើនឡើង នៃចំនួនគណៈប្រតិភូរដ្ឋាភិបាល និងសភាសហរដ្ឋអាម៉េរិក មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសគណៈប្រតិភូនៃក្រសួងការពារជាតិ និងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅកម្ពុជា ។

លោកស្រី បានបន្ថែមថា កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពី ពន្ធបដិការ សំដៅពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ។

ជាការឆ្លើយតប, សម្ដេចធិបតី ថ្លែងអំណរគុណលោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងពង្រឹង និងពង្រីកទំនាក់ទំនង ទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរ៉េក កាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ជាពិសេសក្នុងដំណាក់កាលដ៏លំបាករបស់កម្ពុជា។

សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្ត ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយ សហរដ្ឋអាម៉េរិកបន្ថែមទៀត។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានថ្លែង អំណរគុណឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានរួមចំណែក ជួយសម្របសម្រួល ឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ, សេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សម្ដេចធិបតី និងលោកស្រី Walker ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សំដៅទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យកាន់តែកើនឡើង។ លោកស្រីបានបន្តថា វិនិយោគិនសហរដ្ឋអាម៉េរិក មានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា៕

To Top