ព័ត៌មានជាតិ

កម្ពុជា ប្រគល់ជនជាតិថៃម្នាក់ ទៅប្រទេសខ្លួនវិញ

ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានប្រគល់ជនជាតិថៃម្នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នាពេលកន្លងមក ទៅប្រទេសកំណើតខ្លួនវិញ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ជនជាតិថៃម្នាក់នេះ បានលួចឆ្លងដែនខុសច្បាប់ ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួល របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ។

លោកស្រីបន្តថា ការប្រគល់ខ្លួនជនជាតិថៃ ដែលបានរំលោភច្បាប់កម្ពុជា ទៅឱ្យភាគីថៃនេះ ធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួល តាមរយៈយន្តការថ្នាក់តំបន់ របស់ក្រុមការងារ ទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

លោកស្រីបន្ថែមថា បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្រប តាមវិធានការច្បាប់រួចមក លោកឧត្តមសេនីត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះ ទៅប្រគល់ជូនឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះស្របតាមគោលការណ៍មនុស្សធម៌ ។

ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោរព និងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់ នូវខ្លឹមសារ នៃកិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែន ។

ភាគីថៃក៏បានថ្លែងអំណរគុណ ចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេសការខិតខំប្រឹងប្រែងជួយសម្របសម្រួល ដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុស ដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសារ របស់ខ្លួនវិញដោយសុវត្ថិភាព៕

To Top