ខេត្តក្រចេះ៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងសហការី នៅថ្ងៃទី៨ ខែមិថុនា ឆ្នំា២០២០បានបន្តអញ្ជើញចូលរួម ធ្វើបទបង្ហាញស្តីពីការផ្តល់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដល់បងប្អូនប្រជាកសិករ សិប្បករ សហគ្រាសធុន តូច និងមធ្យម ប្រចាំខេត្តក្រចេះ សរុបប្រមាណ ២០០ នាក់។ ទន្ទឹមនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលស្រុក លោក ហាវ ពិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល លោក ហ៊ាង សុខលីម តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងតំណាងមន្ទីពាក់ព័ន្ធអមជុំវិញខេត្ត។
បន្ទាប់ពីបទអន្តរាគមន៍ស្វាគមន៍ របស់ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជម្រាបជូនដល់បងប្អូន ប្រជាកសិករអោយបានជ្រាបអំពីគោលបំណង ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មមកជួបបងប្អូននៅព្រឹកនេះ គឺចង់ផ្សព្វផ្សាយអំពីគោលការណ៍ ឥណទានដោយអត្រាការប្រាក់អនុគ្រោះចំនួន ៥ ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៥,៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) និងលក្ខខណ្ឌសមស្របមួយចំនួន ដើម្បីទទួលបានឥណទានពីកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចធ្វើការផ្តល់ជូនឥណទានរហូតដល់៨០ភាគរយ នៃទ្រព្យធានា បំណុលដែលជាអចលទ្រព្យ។ លោក បានពន្យល់ដល់បងប្អូនបន្ថែមទៀតថា ការទទួលយកទ្រព្យធានាបំណុល របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានភាពបត់បែនច្រើន និងមានការអនុគ្រោះផងដែរ។
ក្រៅពីកម្មវិធីហិរញ្ញប្បទានពិសេស ៥០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល លោក កៅ ថាច ក៏បានធ្វើការណែនាំ អំពីផលិតផលឥណទាន ក្នុងគម្រោងផ្សេងៗទៀត របស់ធនាគារ ដែលជាអត្រាការប្រាក់អនុគ្រោះ ក្នុងករណីបងប្អូនប្រជាកសិករ ក្រុមផលិត របស់សហគមន៍ចាប់អារម្មណ៍ អាចធ្វើការទំនាក់ទំនង ដើម្បីស្នើសុំឥណទាន ក្នុងគម្រោងទាំងនោះបាន។
ជាមួយគ្នានេះដែរ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានធ្វើការស្នើសុំដល់បងប្អូនអោយរៀបផែនការ ច្បាស់លាស់លើការដាំដុះ ការចញ្ចឹម និងការផលិតដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារអោយ បានតាមតម្រូវការ និងចូលរួមកាត់បន្ថយការនាំ ចូលពីប្រទេសជិតខាង។ លោក ក៏បានថ្លែងអំណរគុណដល់លោក អភិបាល នៃគណៈអភិបាល ដែលបានជួយសម្របសម្រួលរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយនូវគោលការណ៍ ឥណទានដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូននាឱកាសនេះ។
បន្ទាប់ពីចប់បទអន្តរាគមន៍ លោក កៅ ថាច ក៏បានអនុញ្ញាតឱ្យមានសំណូមពរ និងវេទិការសំនួរ-ចំលើយ រវាងបងប្អូនប្រជាកសិករ តំណាងសហគម និងតំណាង ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្មផងដែរ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩/០១២ ៧០៦ ៦៣៦ ៕