លោក ស៊ុន ចាន់ថុល វាយតម្លៃខ្ពស់ ចំពោះការជឿទុកចិត្តក្រុមហ៊ុន ជាដៃគូពីតំបន់អឺរ៉ុប មកលើអំណោយផល នៃបរិយាកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានវាយតម្លៃខ្ពស់ ចំពោះការជឿទុកចិត្ត របស់ក្រុមហ៊ុន RMA Cambodia ក៏ដូចជា ក្រុមហ៊ុនជាដៃគូពីតំបន់អឺរ៉ុប មកលើអំណោយផល នៃបរិយាកាសវិនិយោគនៅកម្ពុជា។
ការវាយតម្លៃរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូនគណៈប្រតិភូជាន់ខ្ពស់នៃក្រុមហ៊ុន RMA Cambodia ដឹកនាំដោយ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីរាយការណ៍អំពីវឌ្ឍនភាពអាជីវកម្ម ក៏ដូចជាផ្លាស់ប្តូរមតិយោបល់លើកាលានុវត្តភាព និងការពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យ ឧស្សាហកម្មផលិតមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជា។
តាមរយៈជំនួបដ៏មានសារៈសំខាន់នេះ លោកអគ្គនាយក ក៏បានធ្វើការ ណែនាំក្រុមហ៊ុនជាដៃគូ ដែលមានជំនាញឯកទេស ក្នុងវិស័យឧស្សាហកម្មផលិតមធ្យោបាយ ដឹកជញ្ជូនតាមផ្លូវទឹក ឈានមុខមួយក្នុងតំបន់អឺរ៉ុប ដែលកំពុងសម្លឹងឃើញពីសក្តានុពលដ៏រឹងមាំ និងមានបំណងសិក្សាស្វែងយល់បន្ថែមអំពីលទ្ធភាពក្នុងការវិនិយោគ លើវិស័យយុទ្ធសាស្ត្រមួយនេះនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូទាំងមូល ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការជឿទុកចិត្តរបស់ក្រុមហ៊ុន RMA Cambodia ក៏ដូចជាក្រុមហ៊ុនជាដៃគូពីតំបន់អឺរ៉ុប មកលើអំណោយផលនៃបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈគម្រោងក្នុងការសិក្សាដើម្បីពង្រីកវិសាលភាពវិនិយោគរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការត្រៀម លក្ខណៈរួចជាស្រេចរបស់ ក.អ.ក. ក្នុងការផ្តល់កិច្ចសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន RMA Cambodia និងដៃគូក្នុងគ្រប់ដំណាក់កាលនៃការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះអាចលេច ចេញជារូបរាងឡើងនាពេលអនាគត។
ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និង យោគយល់គ្នាខ្ពស់ ដោយភាគីទាំងពីរបានបង្ហាញ នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យ ឧស្សាហកម្មធុនធ្ងន់ និងការតភ្ជាប់ប្រព័ន្ធភស្តុភារកម្មកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ នៅក្នុងតំបន់ និងសកលលោក ៕
