អគ្គនាយក ARDB ស្នើកសិករមកពីបណ្តាសហគមន៍ នៃស្រុកមួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវពង្រឹងផលិតភាព សុវត្ថិភាពផលិតផល តាមរយៈប្រើប្រាស់ជីធម្មជាតិ
ស្ទឹងត្រែង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធាន សមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានស្នើឲ្យប្រជាសិករមកពីបណ្តាស ហគមន៍នៃស្រុកមួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវប្តូរទម្លាប់លើវិស័យកសិកម្ម ដោយផ្តោតលើការពង្រឹងផលិតភាពឲ្យខ្ពស់ជាងមុនទាំងគុណភាព និងសុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក ក្នុងបរិបទជីគីមីកសិកម្ម នៅលើពិភពលោកឡើងថ្លៃ ព្រមទាំងកម្ពុជាផង។

ការលើកឡើងដូច្នោះជូនដល់កសិករខាងលើ របស់ លោកបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាកសិករមកពីសហគមន៍អូរពងមាន់ និងកសិករមកពីស្រុកមួយក្នុងខេត្តស្ទឹងត្រែងប្រមាណ ១០០នាក់។

ក្រោយស្តាប់កង្វល់ និង ការលើកឡើងនានាជុំវិញវិស័យកសិកម្ម និងទីផ្សារនោះ លោកបណ្ឌិតប្រតិភូបានបញ្ជាក់ជាថ្មីថា រឿងកសិកម្មជាកង្វល់ទូទៅ របស់កសិករយើងទៅហើយមិនតែបងប្អូនយើងក្នុងខេត្តស្ទឹងត្រែងនោះទេ ហើយរឿងធំៗចំនួន៣ ដែលកសិករកំពុងប្រឈមមុខខ្លាំង គឺទី១ បញ្ហាលុយ បញ្ហាបច្ចេកទេស និងទីផ្សារជាដើម។

ដើម្បីដោះបញ្ហាទាំងអស់នេះ លោកបណ្ឌិតប្រតិភូ បានពន្យល់ថា ការធ្វើកសិកម្មគឺកសិករនឿយហត់ណាស់ មិនស្រួលទេ ប៉ុន្តែធ្វើបានចំណេញលុះត្រា តែយើងធ្វើពិតប្រាកដ និងម៉ត់ចត់បំផុតរួមទាំងដាំដុះបន្លែ ចន្ទី ចិញ្ចឹមសត្វ កសិករត្រូវចេះរកឲ្យឃើញភាពចំណេញឬខាត សម្រាប់ ១ឯកតាឬក៏ការចំណាយក្នុង១ហិកតា បើរកមិនឃើញថ្លៃដើមផលិតទេ កសិករយើងនឹងក្លាយជាអន្ទាក់បំណុលធ្វើឲ្យជីវភាពកាន់តែក្រថែម។

លើសពីនេះគន្លឹះដ៏សំខាន់នៅក្នុងបញ្ហាខាងលើខាង សមាគមបណ្តាញកសិករតេជោអាចដោះស្រាយបាន គឺ ទី១ ធ្វើជាស្ពានឲ្យបងប្អូនដើរឆ្លង សម្របសម្រួល និងណែនាំភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ធនាគារARDB )ទី២ ជាស្ពានដើរឆ្លងរវាងអ្នកទិញ និងអ្មកលក់ ដោយផ្តល់ព័ត៌មានជាប្រចាំ ទី៣ ចម្លងទៅរកបច្ចេកទេស និងបញ្ហាផ្សេងៗ ទី៤ ជាស្ពានចម្លងសម្លេងបងប្អូនបានឮខ្លាំងនៅទូទាំងប្រទេសបានដល់ថ្នាក់ដឹកនាំ និងទី៥ ចុងក្រោយ គឺ ជាខែលឬឆ័ត្រ ជួយការពារបងប្អូនពីការរំលោភបំពាន និងកេងចំណេញណាមួយត្រូវបានការពារផ្នែកច្បាប់ផងដែរ៕





