រដ្ឋបាលរាជធានីភ្នំពេញ និមន្តព្រះសង្ឃ៨៨អង្គ បង្សុកូលរាប់បាត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងទិវាជាតិនៃការចងចាំ ២០ឧសភា
ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៩ នៃទិវាជាតិនៃការចងចាំ ២០ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃចំនួន៨៨អង្គ បង្សុកូលរាប់បាត នៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្គោ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីឧទិ្ទសកុសល ជូនវិញ្ញាណខន្ធ័ជនរងគ្រោះស្លូតត្រង់ ជាង៣លាននាក់ដែលត្រូវបានសម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត យ៉ាងរង្គៀល ។

ក្នុងឱកាសនេះ លោក ឃួង ស្រេង បានលើកឡើងថា ប្រជាជនកម្ពុជាគ្រប់រូប នៅតែចងចាំមិនភ្លេច ចំពោះសោដនាកម្មរបស់ពួកឃាដករ អាវខ្មៅរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះឡើយ ទោះបីស្រមោលអន្ទកាលនេះ បានកន្លងផុតទៅជាង៤៧ឆ្នាំទៅហើយក្តី។

ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបលើកទី៩ នៃទិវាជាតិនៃការចងចាំ ដែលអានដោយលោក ឃួង ស្រេង បានឱ្យដឹងថា ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើង ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ។

សូមបញ្ជាក់ថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ មកលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៨៤មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បាន កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។

ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹង អំពីអំពើឃោរឃៅដែលបានកើតមាន នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់ និង បង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះ កើតមានឡើងសាជាថ្មី៕


