រដ្ឋមន្ដ្រីអប់រំ ៖ ADB ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីបំប្លែងធនធានមនុស្ស របស់កម្ពុជា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) គឺជាដៃគូយុទ្ធសាស្ត្រ ដ៏សំខាន់ ដើម្បីបំប្លែងធនធានមនុស្ស របស់កម្ពុជាឱ្យទៅជា «កម្លាំងពលកម្ម ដែលពឹងផ្អែកលើបំណិន និងចំណេះដឹង»។
ការឱ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុ នាឱកាសទទួល ជួបសម្ដែងការគួរសម និងពិភាក្សា ការងារ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB Board Group) ដឹកនាំដោយ លោកស្រី Lisa Wright តំណាងក្រុមប្រឹក្សាភិបាល (Alternate Executive Director) ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា លោកស្រី Yasmin Siddiqi នាយិកានៃធនាគារអភិវឌ្ឍន៍ អាស៊ីប្រចាំកម្ពុជា និងសហការី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសជំនួបនេះ ភាគីទាំងពីរ បានពិភាក្សា លើរបៀបវារៈសំខាន់ៗ ផ្ដោតលើការពិនិត្យឡើងវិញ នូវយុទ្ធសាស្ត្រភាពជាដៃគូ និងការជំរុញគម្រោងនានា ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលសំខាន់ៗ នៃកំណែទម្រង់វិស័យអប់រំ ក្នុងអំឡុងជាងមួយទសវត្សរ៍មកនេះ ដោយបានរំលេចពីវឌ្ឍនភាព នៃការអប់រំកុមារតូច ការលើកកម្ពស់ អាហារូបត្ថម្ភកុមារ ក្នុងភាពជាដៃគូជាមួយ ដៃគូអភិវឌ្ឍន៍នានា ការផ្ដល់អាហារូបករណ៍ ដល់សិស្សមកពី គ្រួសារក្រីក្រ និងរស់នៅទីដាច់ស្រយាល ការបន្តពង្រឹង និងពង្រីក។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំពោះការបន្តគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំនៅកម្ពុជា ដែលបានបង្កើតផលជះវិជ្ជមានជាច្រើន ក្នុងការកាត់បន្ថយគម្លាត ការអប់រំរវាងទីក្រុង និង ជនបទ កាត់បន្ថយ អត្រាបោះបង់ ការសិក្សា នៅកម្រិត មធ្យមសិក្សា ជួយឱ្យ សិស្សស្រីមាន ឱកាសចាប់យកជំនាញ បច្ចេកវិទ្យាកាន់តែច្រើន ហើយយុវជនបញ្ចប់ ការសិក្សាមានជំនាញច្បាស់លាស់ ឆ្លើយតបចំតម្រូវការ វិនិយោគិនបរទេសនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ថា «ក្នុងន័យនេះ ADB គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីបំប្លែងធនធាន មនុស្ស របស់កម្ពុជាឱ្យទៅជា កម្លាំងពលកម្ម ដែលពឹងផ្អែកលើបំណិន និងចំណេះដឹង ដែលជាគ្រឹះមិនអាចខ្វះបាន សម្រាប់កម្ពុជាក្នុងការសម្រេចចក្ខុវិស័យជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០»៕
