អ្នកជំនាញអន្តរជាតិ ៖ ទឹកដីយោធាថៃ កាន់កាប់ខុសច្បាប់ គ្មានថ្ងៃក្លាយជាកម្មសិទ្ធិស្របច្បាប់
ភ្នំពេញ ៖ លោកបណ្ឌិត អាន ប៉ាស្ទី អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ៗថា ទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ខុសច្បាប់ គ្មានថ្ងៃក្លាយជាកម្មសិទ្ធិស្របច្បាប់បានឡើយ ដរាបណាកម្ពុជានៅតែបន្តតវ៉ា និងបដិសេធដូចបច្ចុប្បន្ន។
ក្នុងបទសម្ភាសន៍ពិសេសមួយ ក្នុងកម្មវិធីបាឋកថាស្តីពី «យន្តការផ្សះផ្សារដោយបង្ខំ៖ យុទ្ធសាស្ត្រដោះស្រាយវិវាទដែន សមុទ្រកម្ពុជា-ថៃ ដោយអនុលោមតាមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ និងអនុសញ្ញាក្រុងវីយែន ស្តីពីច្បាប់សន្ធិសញ្ញា និងយន្តការអន្តរជាតិ ដែលពាក់ព័ន្ធ» នៅវិមានរដ្ឋសភា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត អាន ប៉ាស្ទី បានថ្លែងថា យោងតាមច្បាប់អន្តរជាតិ ដរាបណាកម្ពុជា នៅតែបន្តប្តឹងជំទាស់ និងចេញកំណត់ទូតតវ៉ា ចំពោះការរំលោភបំពាន ជាឯកតោភាគីពីសំណាក់ភាគីថៃដូចពេលបច្ចុប្បន្ន នោះកម្ពុជានឹងមិនបាត់បង់សិទ្ធិជាម្ចាស់អធិបតេយ្យឡើយ ។
លោកបន្ថែមថា ចំពោះការកាន់កាប់ខុសច្បាប់របស់ភាគីថៃ ក៏មិនអាចក្លាយជាស្របច្បាប់បានដែរ។
អ្នកជំនាញរូបនេះបញ្ជាក់ថា “តាមច្បាប់អន្តរជាតិ តាមនិយាម នៃវិធានអន្តរជាតិបានចែងកំណត់ថា ដរាបណាភាពជាម្ចាស់នៅតែប្តឹងជំទាស់តវ៉ា បដិសេធនូវការកាន់កាប់ដោយខុសច្បាប់ កាន់កាប់ដោយឯកតោភាគី កាន់កាប់ដោយខុសច្បាប់ពីសំណាក់ភាគីម្ខាងទៀត ដរាបនោះ ភាគីកម្ពុជាយើងដែលប្តឹងជំទាស់តវ៉ា មិនបាត់បង់សិទ្ធិជាម្ចាស់នោះទេ”។
លោកបណ្ឌិត អាន ប៉ាស្ទី បន្តថា គោលការណ៍នេះ ត្រូវបានយកមកសម្រេច ក្នុងសាលក្រមនៅក្នុង សំណុំរឿងអន្តរជាតិ យ៉ាងច្រើន ដែលធ្វើជាមូលដ្ឋានច្បាប់ ក្នុងការយកមកដោះស្រាយ វិវាទអធិបតេយ្យ រវាងរដ្ឋនិងររដ្ឋ។ ដូច្នេះ កំណត់ទូតកម្ពុជាដែលក្រសួង ស្ថាប័នពាក់ព័ន្ធ ជាច្រើនធ្វើលិខិតតវ៉ាជាបន្តបន្ទាប់ ចំពោះសកម្មភាពយោធថៃ កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នេះ គឺជាមូលដ្ឋានច្បាប់យ៉ាង រឹងមាំដើម្បីបញ្ជាក់ថា កម្ពុជា មិនទទួលយក មិនអនុញ្ញាត មិនឱ្យភាគីថៃកាន់កាប់ដែន អធិបតេយ្យភាពជាតិ របស់ខ្លួនជាដាច់ខាត ៕
