DAP News
ព័ត៌មានជាតិ

ក្រុម AOT ចុះផ្ទៀងផ្ទាត់ និងរាយការណ៍ ពីស្ថានភាពព្រំដែន នៅតំបន់បឹងត្រកួន

ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាទីតាំងត្រូវបានទទួលរង ការវាយប្រហារ រាយបន្លាលួស និង ដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ របស់យោធាថៃ ដោយបានធ្វើឱ្យ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ ចូលជាធរមានផងដែរ។

អ្នកនាំពាក្យបន្តថា ការចុះសង្កេតការណ៍ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃ កាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការ វាស់វែងខ័ណ្ឌសីមា ដោយគណៈកម្មការចម្រុះ ខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទីបី នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញ ដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

To Top