ព័ត៌មានជាតិ

មូលហេតុ នាំឲ្យសត្វត្មាតកម្ពុជាធ្លាក់ចុះ ដោយសារគំរាមកំហែងខ្លាំងបំផុត ពីការបំពុលរបស់មនុស្ស

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា មូលហេតុនាំឲ្យសត្វត្មាតនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុត ពីការបំពុលរបស់មនុស្ស តាមរយៈការដាក់អន្ទាក់ និងបាញ់ជាដើម។

លទ្ធផលជំរឿនសត្វត្មាតនៅឆ្នាំ ២០១៩ កន្លងទៅបង្ហាញថា កម្ពុជាមានសត្វត្មាត៣ ប្រភេទ មានចំនួន ១៣៧ ក្បាល ហើយតំបន់ ដែលមានសត្វត្មាត ច្រើនជាងគេ គឺនៅដែនជម្រក សត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក នេត្រ ភក្ត្រា បានថ្លែងថា «មូលហេតុដែលនាំឲ្យសត្វត្មាត នៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុត ពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរ បាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល»។

លោកបន្ដថា ប្រជាសហគមន៍ នៅតាមតំបន់មួយចំនួនបានប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បីចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការ បំពុល នេះក៏ជាមូលហេតុចម្បង ដែលបណ្ដាលឲ្យសត្វត្មាតស្លាប់ ដោយសារតែសត្វត្មាតទាំងនោះ ស៊ីសាកសពសត្វស្លាប់ ដោយសារតែថ្នាំពុល។

សូមជម្រាបថា សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថាន ដោយស៊ីគម្រង់សាកសពសត្វ ផ្សេងទៀតជាអាហារ ហើយការពារ និងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការ ថែរក្សាមរតកធម្មជាតិ ដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោក ទាំងមូល ជាតម្លៃ សម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ សម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕

ដោយ ៖ អេង ប៊ូឆេង

To Top