ពោធិសាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដេញតាមឃាត់ខ្លួន បាន កាលពីវេលាម៉ោងជាង១២ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០។
ហេតុការណ៍នាំឱ្យមានការឃាត់ខ្លួន ជនសង្ស័យនោះ ដោយសារតែ ជនសង្ស័យ បានយកលុយដុល្លារក្លែងក្លាយទៅទិញកាតទូរស័ព្ទ ពីអាជីវករលក់ដូរមួយកន្លែងស្ថិតនៅស្រុកភ្នំក្រវាញ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីស្វែងរកតាមចាប់ខ្លួនបានភ្លាមៗ ក្នុងពេលដែលជនសង្ស័យនោះ កំពុងព្យាយាមជិះម៉ូតូ បំរុងគេចខ្លួនពីមូលដ្ឋាន។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ តាំង តាយ ភេទប្រុសអាយុ ៣៣ ឆ្នាំជនជាតិខ្មែររស់នៅ ក្នុងភូមិពោធិ៍តាគួយ សង្កាត់ លលកស ក្រុងពោធិសាត់ ខេត្តពោធិសាត់។
របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចនគរបាល ក៏បានរឹបអូស ម៉ូតូ១គ្រឿង និងលុយដុល្លារក្លែងក្លាយ មួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ កំពុងកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋានគរបាល ខេត្តពោធិសាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕