រដ្ឋមន្ត្រី ហែម វណ្ណឌី៖ អនុលោមភាព គឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុក ចំណាយរបស់អាជីវកម្មទេ
ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឱ្យ ម្ចាស់សហគ្រាសគិតថា អនុលោមភាព គឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់អាជីវកម្មទេ ។
ការលើកឡើងរបស់លោក ហែង វណ្ណឌី ធ្វើឡើងក្នុងឱកាសរៀបចំយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសហគ្រិន ផលិតករ តំណាងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងតំណាងវិស័យធុរកិច្ចប្រមាណ ២.០០០ នាក់ ក្នុងគោលបំណងលើកកម្ពស់ភាពប្រកួតប្រជែង របស់សហគ្រាសក្នុងស្រុក តាមរយៈគុណភាព ផលិតភាព ស្តង់ដា និងនវានុវត្តន៍។
ថ្លែងក្នុងឱកាស លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានរំលេចពីសារសំខាន់ នៃការត្រៀមលក្ខណៈ សម្រាប់ដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលតម្រូវឱ្យសហគ្រាស ក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែង ដោយមិនផ្តោតតែលើថ្លៃដើមទាប ដូចពីមុនឡើយ ប៉ុន្តែត្រូវឈានប្រកួតប្រជែង លើគុណភាព ផលិតភាព និងនវានុវត្តន៍។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានឱ្យម្ចាស់សហគ្រាសគិតថា អនុលោមភាពគឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់អាជីវកម្មទេ។ សហគ្រាសដែលវិនិយោគលើគុណភាព ស្តង់ដា ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍ និងនវានុវត្តន៍ គឺកំពុងវិនិយោគលើទំនុកចិត្តរបស់អតិថិជន ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកបដោយចីរភាព។
ក្នុងឱកាសឡើងធ្វើរបាយការណ៍ ជូនអង្គពិធី លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធការពារ អ្នកប្រើប្រាស់នៅកម្ពុជា បានលើកឡើងថា យុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល មិនត្រឹមតែជាយុទ្ធនាការ ដើម្បីអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សាងស្ពានរវាងរដ្ឋ និងឯកជន ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារឱ្យក្លាយជាកម្លាំងដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងការគាំទ្រពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងរោងចក្រទាំងអស់ ក៏ត្រូវតែបន្តពង្រឹង និងពង្រីកខ្លួនឯងផងដែរ។
លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា និងបន្តសហការយ៉ាងជិតស្និតជាមួយ ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ អង្គការ-សមាគម និងវិស័យឯកជន ដើម្បីរៀបចំយុទ្ធនាការ ផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិនានា និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ស្ដីពី «មូលដ្ឋានគ្រឹះអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល» ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងរោងចក្រទាំងអស់ តាមរយៈវិទ្យាស្ថានអាជីវកម្មអន្តរជាតិ និងសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ឱ្យក្លាយជាកម្លាំងដ៏រឹងមាំ ក្នុងខ្សែច្រវ៉ាក់តម្លៃជាតិ តំបន់ និងសកលលោក។ ស្តង់ដា អនុលោមភាព និងទីផ្សារ គឺជាគន្លឹះសម្រាប់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងរោងចក្រទាំងអស់ ក្នុងការឈានទៅរកការរីកចម្រើន ប្រកបដោយចីរភាព និងការត្រៀមខ្លួនសម្រាប់អនាគត ដើម្បីធានានូវស័ក្ដិសិទ្ធិភាពគោលនយោបាយជាតិ ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ក៏បានប្រកាសគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានឱ្យគោលការណ៍ទៅក្រសួង-ស្ថាប័ន អង្គការ-សមាគម និងវិស័យឯកជន ត្រូវរួមគ្នាជំរុញការពង្រឹងសមត្ថភាពជាតិ ក្នុងការផលិត ផលិតផលប្រកបដោយគុណភាព សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងគាំទ្រប្រសាសន៍ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ដែលលើកប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ» ព្រមទាំងគាំទ្រប្រសាសន៍ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានថ្លែងថា រដ្ឋ គឺជាស្ថាប័នផ្តល់សេវាគាំទ្រ ចំណែកវិស័យឯកជន គឺជាអង្គភាពដែលធ្វើសកម្មភាពទីផ្សារ ផលិត និងលក់ដូរ ដូច្នេះ ការគាំទ្ររបស់រដ្ឋត្រូវធ្វើយ៉ាងណាឱ្យបានលឿន និងមានប្រសិទ្ធភាពបំផុត៕












