បរទេស៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បាននិយាយថា ប្រទេសកូរ៉េខាងជើង គួរតែគោរព តាមកិច្ចព្រមព្រៀងអតីត ដែលបានចុះហត្ថលេខា រវាងប្រទេសទាំងពីរ ក្រោយពេលមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានព្រមានចាត់វិធានការ សងសឹកប្រទេសកូរ៉េខាងត្បូង ដែលអាចពាក់ព័ន្ធដោយយោធា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងកូរ៉េខាងត្បូង បាននិយាយប្រាប់ដូច្នេះថា “ប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង គួរតែព្យាយាមគោរព តាមកិច្ចព្រមព្រៀងអន្តរកូរ៉េទាំងអស់ ដែលបានសម្រេច ហើយរដ្ឋាភិបាល កំពុងតែពិចារណា ស្ថានភាពបច្ចុប្បន្ននេះយ៉ាងហ្មត់ចត់”។
គួរបញ្ជាក់ថា ប្អូនស្រីលោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកូរ៉េខាងជើង នាពេលថ្មីៗនេះ បានធ្វើការព្រមានសងសឹក ចំពោះប្រទេសកូរ៉េខាងត្បូង ដែលអាចមានការពាក់ព័ន្ធ ក្នុងរឿងយោធា ហើយនេះ គឺជាភាពតានតឹងកើនឡើងថ្មីបំផុត ជុំវិញជនផ្តាច់ខ្លួន រត់ពីកូរ៉េខាងជើង ដែលកំពុងតែបញ្ជូន ត្រឡប់ទៅវិញ នូវលិខិតប័ណ្ណផ្សព្វផ្សាយ និងចំណីអាហារ៕ ប្រែសម្រួល៖ប៉ាង កុង