Feature

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការផលិតព័ត៌មានទាមទារទស្សនវិស័យយុទ្ធសាស្ត្រ មិនមែនពឹងផ្អែកតែលើបច្ចេកទេសប៉ុណ្ណោះទេ

បាត់ដំបង៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផលិត និងផ្សាយព័ត៌មាន មិនមែនពឹងផ្អែកត្រឹមតែលើបច្ចេកទេស​ នៃការសរសេរ ឬថតរូបភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ទាមទារឱ្យមានការគិតគូរ ជាលក្ខណៈយុទ្ធសាស្ត្រស៊ីជម្រៅ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះសភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋាន។

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាននិងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូបផងដែរ។

លោក ទេព អស្នារិទ្ធ បានរម្លឹកថា៖«ការផលិតព័ត៌មានគឺជា យុទ្ធសាស្ត្រផ្សព្វផ្សាយដ៏មានឥទ្ធិពល ក្នុងការរំលេច និងលើកតម្កើងរាល់សមិទ្ធផលការងារពិតប្រាកដ នៅក្នុងខេត្តដើម្បីជម្រាបជូនសាធារណជន។ ក្នុងនាមជាសេនាធិការព័ត៌មានជូនរដ្ឋបាលខេត្ត មន្ត្រីជំនាញត្រូវមានទស្សនវិស័យយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការគ្រប់គ្រងប្រៀបលើសមរភូមិព័ត៌មាន និងបំភ្លឺមតិសាធារណៈឱ្យបានទាន់ពេលវេលា ដោយឆ្លុះបញ្ចាំងពីការរីកចម្រើនជាក់ស្តែង យល់ដឹងពីតម្រូវការប្រជាពលរដ្ឋ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីការពារផលប្រយោជន៍សាធារណៈ។»

ជាមួយគ្នានេះ លោកអ្នកនាំពាក្យបានលើកទឹកចិត្ត ដល់មន្ត្រីមន្ទីរព័ត៌មានខេត្តបាត់ដំបង ជាពិសេសក្រុមការងារទទួលបន្ទុកព័ត៌មាន និងសាធារណមតិ ឱ្យបង្កើនភាពបុរេកម្ម ក្នុងការរៀបចំផែនការផលិតមាតិកា ឱ្យបានច្បាស់លាស់ និងឆ្លើយតបទាន់ការពេញនិយមក្នុងសង្គមឌីជីថល។

ជាងនេះទៀតលោកបានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសាធារណមតិ ដោយមិនត្រូវមានការធ្វេសប្រហែសដាច់ខាត ព្រោះព័ត៌មានក្លែងក្លាយ និងការបំពុលសង្គម អាចកើតឡើងគ្រប់វិនាទី។ ការគ្រប់គ្រងសភាពការណ៍បានលឿន ចាប់ផ្តើមចេញពីការដឹងមុន និងការត្រៀមលក្ខណៈជានិច្ច។

ក្រៅពីនេះលោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ទីរព័ត៌មានខេត្តបាត់ដំបង ឱ្យពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មានទាំងក្នុង និងក្រៅមូលដ្ឋាន ដើម្បីធានាការផ្ដល់ ផ្សាយព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្ត។ ការផ្ដល់ព័ត៌មានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីសំណាក់អាជ្ញាធរ មិនត្រឹមតែជួយដល់ការបំពេញការងាររបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត ដែលអាចនាំឱ្យមានការប្រឈមមុខនឹងផ្លូវច្បាប់ទៀតផង។

ក្នុងឱកាសនោះដែរ លោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់ផ្នែក ពិសេសមន្ទីរព័ត៌មាន និងសាធារណមតិ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយមានចេតនាមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្ត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយព័ត៌មានអវិជ្ជមានទាំងនោះ ត្រូវបានបន្សាបដោយព័ត៌មានពិតប្រាកដជាបន្តបន្ទាប់។

លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានទទួលយកអនុសាសន៍ របស់ថ្នាក់ដឹកនាំក្រសួង ដើម្បីយកទៅអនុវត្តការងារ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ លោកយល់ថា កិច្ចប្រជុំតម្រង់ទិសនេះ នឹងផ្ដល់នូវចំណេះដឹង និងជំនាញបន្ថែមដល់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ព្រមទាំងអាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង បានយ៉ាងរហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះ មន្ទីរនឹងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយ លើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដូចជា គេហទំព័រ ហ្វេសប៊ុក និងតេឡេក្រាម ព្រមទាំងវិទ្យុជាតិចំការចេក និងទូរទស្សន៍ជាតិខេត្តបាត់ដំបង ដើម្បីក្លាយជាប្រភពព័ត៌មានដ៏មានទំនុកចិត្ត សម្រាប់ប្រជាពលរដ្ឋទាំងអស់៕

To Top