ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានសហរដ្ឋអាមេរិក​ កុំឱ្យវាយប្រហារទីតាំងនុយក្លេអ៊ែរ និងទីតាំងរសើបរបស់ខ្លួន

តេអេរ៉ង់៖ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារទីតាំងនុយក្លេអ៊ែរ និងទីតាំងរសើបផ្សេងទៀតរបស់អ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់នឹងពង្រីកការវាយប្រហាររបស់ខ្លួន និងកំណត់គោលដៅផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅទូទាំងតំបន់ ។

ការព្រមាននេះបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីព្រឹកមិញនេះ ដែលលោកបានឧ្យដឹងថា កងកម្លាំងអាមេរិកនឹងវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ «ឆាប់ៗនេះ» ដែលត្រូវបានគេរាយការណ៍ថា​ មានទីតាំងនៅក្រោមភ្នំមួយក្នុងខេត្ត Isfahan ភាគកណ្តាល។

ទីស្នាក់ការកណ្តាលបានឧ្យដឹងថា សហរដ្ឋអាមេរិកបានគំរាមវាយប្រហារមជ្ឈមណ្ឌលនុយក្លេអ៊ែរ និងមជ្ឈមណ្ឌលរសើបរបស់អ៊ីរ៉ង់ ដោយបន្ថែមថា ប្រសិនបើកងទ័ពអាមេរិកចូលដល់ដំណាក់កាលបែបនេះ អ៊ីរ៉ង់នឹងចាត់ទុកវាជាការពង្រីកសង្គ្រាមនៅក្នុងតំបន់អាស៊ីខាងលិច និងបើកការវាយប្រហារដ៏ខ្លាំងក្លា ប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងអ្នកគាំទ្ររបស់ខ្លួន។

ទន្ទឹមនឹងនេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News កាលពីយប់ថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញប្រព័ន្ធរ៉ាដាព្រមានជាមុន និងរ៉ាដាយុទ្ធសាស្ត្រមួយចំនួននៅជុំវិញមូលដ្ឋានទ័ពអាកាស Ali Al Salem ក្នុងប្រទេសគុយវ៉ែត ក៏ដូចជាប្រព័ន្ធរ៉ាដាមួយផ្សេងទៀតនៅលើកោះ Bubiyan មុននេះបន្តិច។

សហរដ្ឋអាមេរិក​ បានបើកការវាយប្រហារជាច្រើនលើកប្រឆាំង នឹងខេត្តភាគខាងត្បូងរបស់អ៊ីរ៉ង់​ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយថាការវាយប្រហារទាំងនេះគឺជាការឆ្លើយតប ទៅនឹងកងកម្លាំងអ៊ីរ៉ង់​ ដែលកំណត់គោលដៅនាវានៅក្នុងច្រកសមុទ្រហ័រមូស ហើយមានបំណង “ធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែង ដល់ការដឹកជញ្ជូនពាណិជ្ជកម្ម”៕

To Top