ព័ត៌មានជាតិ

មន្រ្តីជំនាញខេត្តស្វាយរៀង រកឃើញទំនិញខូចគុណភាពមួយចំនួន នៅក្នុងផ្សារកំពង់ត្រាច ស្រុករមាសហែក

ស្វាយរៀង ៖ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានដឹកនាំក្រុមការងារសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញនៅផ្សារកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែង រកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់។

លោក ផឹង និល បានថ្លែងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារកំពង់ត្រាចនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគបរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញនិងបាន ប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន៥៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាពិសេសក៏បានពិនិត្យទៅលើស្លាដកដែលដាក់តាំងលក់ផងដែរ។

លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលក្រោយពីការអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់៥មុខ មានដូចជា៖ ទឹកត្រីកោះកុងចំនួន៥០ដបនិងនំធុង៧ធុង(១ធុងស្មើរ៥kg)តែកញ្ចប់ចំនួន៣០កញ្ចប់ ថ្នាំដុសធ្មេញចំនួន២៥ប្រអប់និងប្រេងកូឡាចំនួន២៧ប្រអប់ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោក ផឹង និល បានបញ្ជាក់ថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត និងចុះពិនិត្យមុខទំនិញឲ្យបាន ដូចភ្លៀងរលឹមដើម្បីស្វែងរកសារធាតុដែលហាមឃាត់ (សារធាតុគីមី) ដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាព និងស្នើរឲ្យអាជីវករចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗគ្រប់ភេទនៅតាមទីផ្សារក្នុងខេត្តបន្តទៀតផងដែរ៕

To Top