ភ្នំពេញ ៖ លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំកម្ពុជា បាន កោតសរសើរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹក នាំ កំពូល ដែលមានភាពប៉ិនប្រសព្វ និងភាពឈ្លាសវៃ ក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ និង ដឹកនាំប្រទេសសម្រេច នូវកំណើនសេដ្ឋកិច្ច ខ្ពស់គួរឲ្យកត់សម្គាល់។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក Ermenegildo Kupa Lopes បានថ្លែងថា «សូមសម្តែងនូវការស្ងើច សរសើរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាថ្នាក់ដឹកនាំកំពូល ដែលមានភាពប៉ិនប្រសប់ និងភាពឈ្លាសវៃ ក្នុងការផ្សះផ្សាបង្រួបបង្រួម ជាតិ និងបានដឹកនាំប្រទេសសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ គួរឲ្យកត់សម្គាល់»។
លោកក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាល តែងតែគាំទ្រ ទីម័រខាងកើត ចំពោះសំណើរចូល ជាសមាជិកអាស៊ាន ទី១១។
ចំណែកលោក កើត រិទ្ធ ក៏ថ្លែងអំណរគុណចំពោះ ទីម័រខាងកើត ព្រមទាំងបង្ហាញនូវការរំពឹង ទុកជាវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ទីម័រខាងកើត នាពេលខាងមុខ។
នាឱកាសនោះដែរ កម្ពុជា-ទីម័រខាងកើត បានសម្តែងនូវការគាំទ្រ ក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យវិនិយោគ និងវិស័យយុត្តិធម៌ ឲ្យកាន់តែទូលំ ទូលាយ បន្ថែមទៀត។ ជាពិសេស ស្វែងយល់ និងចែករំលែកព័ត៌មាន ក៏ដូចជា បទពិសោធ របស់ប្រទេសទាំងពីរ នៅក្នុងបរិបទប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងប្រព័ន្ធតុលាការ ហើយ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការស្តារនីតិសម្បទា៕