ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាជាតិ​ អំពាវនាវឱ្យមានកិច្ចពិភាក្សា​ ដើម្បីដោះស្រាយជម្លោះ នៅឈូងសមុទ្រ និងសមុទ្រក្រហម

អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការសន្ទនា និងការចរចា ដើម្បីស្វែងរកដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងនៃជម្លោះនៅឈូងសមុទ្រ និងសមុទ្រក្រហម។

លោក Guterres កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្ត ទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងស្ថានភាពនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស​ និងនៅក្នុងសមុទ្រក្រហម នេះបើយោងតាមលោក Farhan Haq អ្នកនាំពាក្យរងរបស់លោក។

អ្នកនាំពាក្យរូបនេះបានលើកឡើថា “លោកអគ្គលេខាធិការ​ នៅតែជឿជាក់ថា ដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងអាចសម្រេចបានតែតាមរយៈការសន្ទនា និងការចរចាប៉ុណ្ណោះ​ ដំណោះស្រាយបែបនេះនឹងជួយស្តារស្ថិរភាព និងទំនុកចិត្តនៅទូទាំងតំបន់ ខណៈពេលដែលក៏ការពារសិទ្ធិ និងសេរីភាពនាវាចរណ៍នៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស និងនៅក្នុងសមុទ្រក្រហមផងដែរ”។

លោក Hans Grundberg បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ​ សម្រាប់ប្រទេសយេម៉ែន ក៏កំពុងបន្តកិច្ចខិតខំប្រឹងប្រែង របស់លោកដើម្បីបន្ធូរបន្ថយស្ថានភាព នៅក្នុងប្រទេសយេម៉ែនផងដែរ។

អ្នកនាំពាក្យរូបនេះបានបន្ដថា សកម្មភាពណាមួយដែលរំខានដល់ការដឹកជញ្ជូន នៅជុំវិញឆ្នេរសមុទ្រយេម៉ែនក៏នឹងរារាំងកិច្ចខិតខំប្រឹងប្រែង របស់អង្គការសហប្រជាជាតិក្នុងការនាំយកសម្ភារៈផ្គត់ផ្គង់ ចូលទៅក្នុងប្រទេសដែលហែកហួរ ដោយសង្គ្រាមនេះផងដែរ ដែលជាហេតុផលមួយដែលការ រារាំងបែបនេះទាំងអស់នៅក្នុងសមុទ្រក្រហម និងជុំវិញសមុទ្រ​ Bab al-Mandab ត្រូវបញ្ឈប់៕

To Top