ព័ត៌មានអន្តរជាតិ

បំណុល​អាមេរិក​ដែល​មាន​ចំនួន ៤០ ទ្រីលាន​ដុល្លារ​ ជា​កំណត់ត្រា​ជំរុញ​ហានិភ័យ​ហិរញ្ញវត្ថុ​សកល

វ៉ាស៊ីនតោន៖​ បំណុលសរុបរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រម្តងទៀត ដោយលើសពី ៤០ ទ្រីលានដុល្លារអាមេរិកនៅថ្ងៃពុធ​ ដែលជា​កំណត់ត្រា​ជំរុញ​ហានិភ័យ​ហិរញ្ញវត្ថុ​សកល។

ទិន្នន័យចុងក្រោយបំផុតរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកបានបង្ហាញថា កំណត់ត្រាបំណុលថ្មីចំនួន ៤០,០៤៧ ពាន់ពាន់លានដុល្លារ គឺច្រើនជាងផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំមុនជិត ១០ ទ្រីលានដុល្លារ ឬប្រហែល ១១៦,៤៨០ ដុល្លារជាបំណុលសហព័ន្ធសម្រាប់ជនជាតិអាមេរិកម្នាក់ៗ។

ដោយសារសហរដ្ឋអាមេរិកជាទីផ្សារបំណុលរដ្ឋធំជាងគេបំផុតរបស់ពិភពលោក កំណើនបំណុល​ ដែលមិនបានត្រួតពិនិត្យរបស់ខ្លួនមិនត្រឹមតែបង្ហាញពីបញ្ហាសារពើពន្ធរចនាសម្ព័ន្ធជ្រៅនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំចេញហានិភ័យតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ​ ដែលមានមូលដ្ឋានលើប្រាក់ដុល្លារ ដែលបង្កការគំរាមកំហែងជាបន្តបន្ទាប់ដល់ស្ថិរភាពហិរញ្ញវត្ថុសកល និងការងើបឡើងវិញនៃសេដ្ឋកិច្ច។

តើបំណុលសហរដ្ឋអាមេរិក​ បានកើនឡើងដល់កម្រិតខ្ពស់បំផុតនេះដោយរបៀបណា? តើស្ថានភាពហិរញ្ញវត្ថុមានអ្វីខ្លះ? ហើយតើស្ថានភាពនេះជំរុញហានិភ័យហិរញ្ញវត្ថុសកលយ៉ាងដូចម្តេច?

អត្ថបទអនឡាញ Newsweek បានសរសេរថា ទំហំនៃការខ្ចីប្រាក់របស់សហរដ្ឋអាមេរិកបានពង្រីកយ៉ាងខ្លាំង និងដល់កម្រិតមួយដែលស្ទើរតែហួសពីការយល់ដឹងក្នុងរយៈពេលពីរសតវត្សកន្លះ។

បំណុលជាតិរបស់សហរដ្ឋអាមេរិកនៅក្នុងកំណត់ត្រារបស់ក្រសួងរតនាគារបានចាប់ផ្តើមពីចំនួនតិចតួច ៧១លានដុល្លារនៅចុងសតវត្សរ៍ទី១៨​ ជាងមួយទសវត្សរ៍បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ១៧៧៦។

វាបានឈានដល់ចំណុចកំពូល ១ទ្រីលានដុល្លារក្នុងរយៈពេលប្រហែល ២០០ឆ្នាំ និង ១០ទ្រីលានដុល្លារក្នុងរយៈពេលប្រហែល ២៧ឆ្នាំបន្ទាប់។ បន្ទាប់ពីនោះ បំណុលរបស់សហរដ្ឋអាមេរិក​ បានកើនឡើងដល់ ៣០ទ្រីលានដុល្លារក្នុងរយៈពេលត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ និងដល់ជាង ៤០ទ្រីលានដុល្លារក្នុងរយៈពេល​ ៤ឆ្នាំចាប់តាំងពីពេលនោះមក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top