ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ៖ មិត្តភាព កម្ពុជា-វៀតណាម គ្មានថ្ងៃបែកបាក់ឡើយ

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន បញ្ជាក់ថា គោលដៅធំបំផុតរបស់ពួកជនអគតិ គឺបំបែកបំបាក់មិត្តភាពរវាង កម្ពុជា-វៀតណាម ដូច្នេះ ត្រូវកសាងអ្វី ដែលជាតឹកតាងច្បាស់លាស់ថា កម្ពុជា-វៀតណាម គ្មានថ្ងៃបែកបាក់គ្នា ឡើយ។

ក្នុងពិធីរំលឹកខួប លើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅរក ការផ្ដួលរលំរបបប្រល័យពូជ សាសន៍ប៉ុលពតថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅស្រុក មេមត់ សម្ដេច ទៀ បាញ់ បានថ្លែងថា កម្ពុជា-វៀតណាម ត្រូវធ្វើឲ្យបាននូវផ្លូវប្រវត្តិសាស្ដ្រ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ បានដឹងប្រវត្តិសាស្ដ្រ រវាង កម្ពុជា-វៀតណាម។

សម្ដេចបន្ដថា មិនត្រឹមតែអប់រំកូនចៅជំនាន់ក្រោយ តែមួយមុខទេ តែត្រូវ បង្កើន កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម បន្ថែមទៀត។ជាពិសេស ទប់ស្កាត់ពួកជនអគតិ មានបំណងចង់បំបែកបំបាក់ សាមគ្គីភាពរវាង កម្ពុជា-វៀតណាម យ៉ាងមានប្រសិទ្ធភាព ផងដែរ។

សម្ដេចរៀបរាប់ថា បញ្ហាទាំងនេះបញ្ជាក់ឲ្យឃើញថា ក្នុងគ្រាមានការលំបាក ពឹងពាក់គ្នា ទៅវិញ ទៅមក រវាងកម្ពុជា-វៀតណាម គឺមិនមានពេលណាដាច់គ្នាឡើយ។ សម្ដេចថាកម្ពុជានិងវៀតណាម ពឹងពាក់គ្នាគ្រប់ពេលវេលា ហើយមានសារសំខាន់ខ្លាំងណាស់ ជាមួយនឹងការរួបរួមគ្នា ដើម្បីសិក្សា ឲ្យបានច្បាស់លាស់ជាមួយគ្នា ពេលដែលមានគ្រាលំបាក ហើយលំបាកជាមួយគ្នា ដល់ពេលមានភាពងាយស្រួល ក៏ទៅជាមួយគ្នាដែរ ដើម្បីសិក្សារៀនសូត្រពីគ្នា ទៅវិញ ទៅមក។

សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា «ពួកអាស្រែកព្រួស តាមនេះ តាមនោះ អាចនិយាយ បានថា គឺមិនឈប់ មិនឈរទេ រឿងស វាថាខ្មៅ ធ្វើអីវា រឿងមិនពិត វាថាពិត ទៅធ្វើអីវា។ជាពិ សេស ការបំបែកបំបាក់ កម្ពុជា-វៀតណាម គឺជាគោលដៅធំបំផុត របស់ពួកជនអគតិ។ ដូច្នេះ យើងកសាងអ្វី ដែលជាតឹកតាងច្បាស់លាស់ថា គ្មានទេ គ្មានជាដាច់ខាត ការបំបែកបំបាក់ទេ។ កូនចៅ ឬក៏ក្មួយៗ យើងជំនាន់ក្រោយៗ ត្រូវដឹងច្បាស់ គ្មានទេ មានលំបាក់យ៉ាងក៏ដោយ គឺ កម្ពុជា-វៀតណាម គឺនៅរួបរួមរស់ជាមួយគ្នា មូលហេតុភូមិសាស្ដ្រជាប់គ្នា គឺមិនមានដាច់ខ្សែ រយៈទេ»។

បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងថា ភាគីពាក់ព័ន្ធត្រូវធ្វើយ៉ាងណា កុំឲ្យពួក ជនអគតិវាយប្រហារថា «ថ្ងៃ៧ មករា គឺជាថ្ងៃបាត់បង់ទឹកដី បាត់អធិតេយ្យភាព។ថ្ងៃ៧ មករា កងទ័ពវៀតណាម មកជួយរំដោះប្រជាជនកម្ពុជា ហើយក្លាយជាកងទ័ពឈ្លានពាន ជាដើម»។ រដ្ឋមន្ត្រីការពារជាតិ បញ្ជាក់ថា រឿងទាំងនេះ មិនមែនជារឿងធម្មតាឡើយ ដូច្នេះត្រូវធ្វើអ្វីៗ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានដឹងថា «កម្ពុជា-វៀតណា មានប្រវត្តិតស៊ូ ជាមួយគ្នា»៕ដោយ អេង ប៊ូ ឆេង

To Top