ព័ត៌មានអន្តរជាតិ

មេបញ្ជាការជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ថា នាវាចម្បាំងអាមេរិកបាន «បើកគេច» ចេញពីច្រកសមុទ្រហ័រមូស ចម្ងាយជាង ១.០០០ គីឡូម៉ែត្រពីព្រំដែនរបស់ខ្លួន

បរទេស៖ មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា អ៊ីរ៉ង់បានបង្ខំឱ្យកងនាវាអាមេរិកដកថយទៅឆ្ងាយជាង ១.០០០ គីឡូម៉ែត្រពីព្រំដែនរបស់ខ្លួន ដោយមិនបន្សល់ទុកនាវាចម្បាំងអាមេរិក ណាមួយនៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) ឬដែនទឹកជុំវិញនោះឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា លោកឧត្តមនាវីទោ Ali Fadavi បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ ដែលត្រូវបានរាយការណ៍ដោយស្ថានីយទូរទស្សន៍ Press TV របស់អ៊ីរ៉ង់កាលពីថ្ងៃចន្ទ។ ការថ្លែងនេះធ្វើឡើងចំពេលដែលមានការអះអាងប្រជែងគ្នាពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ពាក់ព័ន្ធនឹងការគ្រប់គ្រងលើផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ ដែលជាផ្លូវឆ្លងកាត់សម្រាប់ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិទូទាំងពិភពលោក មុនពេលមានជម្លោះកើតឡើង។

លោកបាននិយាយថា៖ «អាមេរិកបានរត់គេច និងផ្លាស់ទីទៅឆ្ងាយជាង ១.០០០ គីឡូម៉ែត្រពីព្រំដែនរបស់យើង។ នេះមិនមែនជាជម្រើសរបស់ពួកគេទេ ប៉ុន្តែវាជាលទ្ធផលនៃអំណាចរបស់សាធារណរដ្ឋឥស្លាម និងអំណាចរបស់កងកម្លាំងជើងគោកនៃ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ IRGC»។

លោក Fadavi បានអះអាងថា គ្មាននាវាអាមេរិកណាមួយនៅសេសសល់ក្នុងឈូងសមុទ្រពែក្ស ច្រកសមុទ្រហ័រមូស សមុទ្រអូម៉ង់ ឬភាគខាងជើងនៃមហាសមុទ្រឥណ្ឌានោះទេ ហើយបានពណ៌នានាវាចម្បាំងអាមេរិកថា «ងាយរងគ្រោះ ១០០ ភាគរយ» ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។

លោកបានសង្កត់ធ្ងន់ថា ច្រកសមុទ្រនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ហើយបានព្រមានថា នាវាដែលប្រើប្រាស់ផ្លូវភាគខាងត្បូងក្រោមការត្រួតពិនិត្យរបស់អាមេរិក អាចនឹងក្លាយជាគោលដៅវាយប្រហារ។

ប្រែសម្រួលៈ តុលា

To Top