មេដឹកនាំអឺរ៉ុប ចោទជាសំណួរអំពីសំណើរបស់លោក ត្រាំ ក្នុងការផ្អាកការវាយប្រហារ លើវិស័យថាមពលរវាងរុស្ស៊ី និងអ៊ុយក្រែន
ព្រុចសែល៖ មេដឹកនាំអឺរ៉ុប បានចោទជាសំណួរថាតើរុស្ស៊ី នឹងគោរពតាម “បទឈប់បាញ់ថាមពល” ដែលប្រកាសដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែរឬទេ ខណៈពេលដែលឧ្យដឹងថា ការបញ្ឈប់ការវាយប្រហារពិតប្រាកដ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអាចផ្តល់ការធូរស្រាលប្រសិនបើត្រូវបានអនុវត្ត។
ការប្រកាសនេះ ដែលទីក្រុងមូស្គូ មិនទាន់បានបញ្ជាក់នៅឡើយទេ បានកើតឡើងចំពេលមានការ ព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអឺរ៉ុប ជុំវិញកិច្ចព្រមព្រៀងផ្គត់ផ្គង់ ប្រេងម៉ាស៊ូតថ្មីៗរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយរុស្ស៊ី និងផលវិបាករបស់វា ចំពោះទណ្ឌកម្មលោកខាងលិច និងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក។
លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានឧ្យដឹងថា ប្លុកនេះនឹងស្វាគមន៍បទឈប់បាញ់ថាមពល ប្រសិនបើវាត្រូវបានអនុវត្ត ប៉ុន្តែបានសួរថាតើរុស្ស៊ីនឹងគោរពតាមឬអត់។
លោកស្រីបានប្រាប់អ្នកយកព័ត៌មាន មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅលុចសំបួរថា “យើងស្វាគមន៍បទឈប់បាញ់ថាមពលនៅពេលដែលវាត្រូវបានអនុវត្ត។ យើងមិនទាន់បានឃើញរុស្ស៊ីនឹងប្រកាន់ខ្ជាប់វាដែរ”។
លោកស្រីបានលើកឡើងថា ការផ្អាកការវាយប្រហារដែលកំណត់ត្រឹមតែរោងចក្រចម្រាញ់ប្រេងប៉ុណ្ណោះ នឹងផ្តល់ផលចំណេញយ៉ាងខ្លាំងដល់ប្រទេសរុស្ស៊ី ដែលមានរោងចក្រចម្រាញ់ប្រេងច្រើនជាងអ៊ុយក្រែនឆ្ងាយណាស់។
លោកស្រីបានបន្ដថា «ប្រសិនបើយើងចង់បញ្ចប់សង្គ្រាមនេះ វិធីតែមួយគត់គឺការដាក់សម្ពាធបន្ថែមទៀត ទៅលើប្រទេសរុស្ស៊ី» ដោយលោកស្រីបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ៕
ប្រែសម្រួល ឈូក បូរ៉ា
